យុវជន Abdoul Billa ជាសិស្សគុនក្លឹបល្បុក្កតោ ជ័យតេជៈ បានលើកឡើងថារូបគេសម្រេចចិត្តហ្វឹកហាត់ល្បុក្កតោ ដើម្បីស្វែងយល់អំពីប្រទេសកម្ពុជាកាន់តែស៊ីជម្រៅ។ កូនកាត់អាល្លឺម៉ង់-អ៊ីតាលី ដដែលក៏បានសង្កត់ធ្ងន់ថា គេស្គាល់ល្បុក្កតោតាមរយៈការសិក្សាស្រាវជ្រាវលើអ៊ីនធឺណេត និងធ្លាប់ឮអំពីក្បាច់គុនដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការ UNESCO មួយនេះថាមានឆ្លាក់ជាប់លើប្រាង្គប្រាសាទអង្គរវត្តដែរ។
យុវជនវ័យ ២៣ ឆ្នាំខាងលើបានមកកាន់ប្រទេសកម្ពុជារយៈពេល៤ខែមកហើយ ដោយធ្វើការងារស្ម័គ្រចិត្តនៅអង្គការមួយកន្លែង ហើយក៏បានចូលរួមហ្វឹកហាត់ល្បុក្កតោតាំងពីពេលនោះមក។ បន្ទាប់ពីហាត់ល្បុក្កតោ៤ខែមក គេបានបង្ហាញសមត្ថភាពលើកដំបូងកាលពីថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ។ Abdoul អះអាងរំភើបរីករាយជាខ្លាំងដែលបានចេញមកសម្តែង។
I started to train Bokator I wanted to know more about Khmer culture, Khmer way of life, also history. And I found that Bokator is the best way to learn about Khmer history.
Abdoul Billa ប្រាប់ថាបើសិនជាមានឱកាសគេចង់ចូលរួមបង្ហាញខ្លួនក្នុងការសម្តែង ឬប្រកួតផ្សេងៗទៀត មុនត្រឡប់ទៅប្រទេសកំណើតវិញក្នុងខែសីហា។ សិស្សគុនក្លឹបជ័យតេជៈ សន្យាថាពេលត្រឡប់ទៅប្រទេសកំណើតវិញ នឹងនាំយកល្បុក្កតោទៅផ្សព្វផ្សាយក្នុងប្រទេសគេទៅដល់មិត្តភក្តិជាបន្តបន្ទាប់ទៀតផងដែរ៕