លោក ស៊ីវើត ជាកម្មករម្នាក់ដែលកំពុងមមាញឹកក្នុងការបំពាក់កៅអីថ្មីក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិកបានបង្ហាញនៅអារម្មណ៍រីករាយ សាទរជាខ្លាំង សម្រាប់ឱកាសដែលលោកបានរួមចំណែកក្នុងការជួសជុលកែលំអរកៅអីថ្មី។ យ៉ាងណាលោកក៏ទទូចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មិនថា អ្នកមកទស្សនាការប្រកួតបាល់ទាត់ អ្នកនិយមរត់ហាត់ប្រាណសុខភាព ឬអ្នកមកកម្សាននានា ពេលដែលបំពាក់កៅអីរួចរាល់មានសោភ័ណភាពល្អហើយ មេត្តារួមគ្នាជួយថែរក្សានៅសម្បត្តិរដ្ឋនេះទាំងអស់គ្នាផង។
ជាមួយគ្នាដែរ បុរសវ័យ ៣៥ឆ្នាំខាងលើ បានបន្តថា នេះជាលើកទី១ហើយដែលលោកបានឃើញអំពីគំរូប្លង់កីឡដ្ឋានដែលរំលេចនៅអក្សរខ្មែរ មានក្បាច់រចនាស្អាតបែបនេះ ហើយលោកចង់ឱ្យមានការបង្កើតកីឡដ្ឋានផ្សេងៗទៀតលក្ខណៈខ្មែរនេះច្រើនទៅទៀតក្នុងពេលអនាគត។
សូមសំណូមពរឱ្យបងប្អូនជួយថែរក្សាផង កុំសូវបោះសម្រាមចោល មើលទៅអត់ល្អទេ ខំរៀបចំបានប៉ុននេះហើយ។
សូមរំឭកថា គំរូប្លង់រចនាម៉ូតកៅអីថ្មីនេះបានមកពីកម្មវិធីប្រកួតប្រជែងស្នាដៃរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យសាធារណជនចូលរួមបញ្ចេញស្នាដៃ ហើយលោក ហោ មណីឬទ្ធិ ជាម្ចាស់ស្នាដៃដែលទទួលជ័យលាភី។ ក្រោយដំឡើងរួចរាល់១០០ភាគរយ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកទស្សនិកជិកសរុប ៣ម៉ឺននាក់៕