Skip to content
    ទំព័រដើម  »  កីឡាជាតិ

សហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះមើលឃើញភាពរីកចម្រើនខ្លាំងរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ

លោក Ingmar DE VOS ប្រធានសហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះ (FEI) បានលើកឡើងថា ក្រោយឃើញពីវឌ្ឍនភាពរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះមួយរយៈពេលចុងក្រោយមានការរីកចម្រើន ទទួលបានផ្លែផ្កា ពិសេសការឈ្នះមេដាយមាសពានរង្វាន់ដែលជំនួសឱ្យព្រឹត្តិការណ៍ SEA Games លើកទី៣២នៅប្រទេសថៃកន្លងទៅនោះ។ លើសពីនេះទៅទៀត ក្នុងនាមលោកជាប្រធាន(FEI) លើកទឹកចិត្តឱ្យសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបន្តការប្រឹងប្រែងទៀត ពិសេសការបណ្តុះធនធានកីឡាករជាបន្តបន្ទាប់។

ទន្ទឹមគ្នាដែរ លោក DE VOS និងអនុប្រធានសហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះ (FEI) ក្រៅតែកិច្ចការងារដែលពាក់ព័ន្ធនិងក្រុមកីឡាករជិះសេះប៉ុណ្ណោះ ក៏នឹងមានកិច្ចសហការជាមួយសមាគមខាងជិះសេះទៀតក្នុងការបណ្តុះបណ្តាលអ្នកឯកទេសតាមផ្នែកសេះបន្ថែមទៀត។

មិនត្រឹមតែជួយប្រឹក្សាជាមួយក្រុមកីឡាករនោះទេ តែនឹងពង្រឹងសមាគមខាងជិះសេះបន្ថែមទៀតដូចជា តម្រូវការអ្នកមើលថែសេះ ពេទ្យសេះ ទាំងអស់ហ្នឹង។

សូមរំឭកថា ប្រធានសហព័ន្ធអន្តរជាតិបង្ហាត់ជិះសេះ (FEI) បានចុះមកទស្សនកិច្ចសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ក្រោយឃើញពីការរីកចម្រើននិងសមិទ្ធផលមេដាយមាសដែលក្រុមកីឡាករកីឡាការិនីជិះសេះកម្ពុជាសម្រេចបានក្នុងកម្មវិធី FEI SEA YOUTH CUP 2023 កន្លងទៅនាបរិវេន Genius Resort៕