យុវតី រស់ សារ៉ា ជាកីឡាការិនីម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកប្រចាំឆ្នាំ ២០២៤ បានរំលឹកគ្រាដែលខ្លួនចូលរួមក្នុងវិស័យមួយនេះដំបូងៗថា មិនទទួលបានការគាំទ្រពីក្រុមគ្រួសាររបស់គេឡើយ។ នោះក៏ព្រោះតែកីឡាមួយនេះជាប្រភេទកីឡាដែលប្រឈមនឹងគ្រោះថ្នាក់ ណាមួយទៀតដោយសារគេជានារីភេទផង។
កីឡាការិនីវ័យ ២៣ ឆ្នាំរូបនេះបញ្ជាក់បន្ថែមថាដោយសារខ្លួននៅតែបន្តសកម្មភាពជាមួយម៉ូតូមករហូតបែបនេះ ទើបមកទល់បច្ចុប្បន្នម្តាយរបស់គេបានផ្លាស់ប្តូរចិត្តពីការដែលហាមឃាត់មកជាការលើកទឹកចិត្ត និងឱ្យពរជ័យពេលរូបគេចេញទៅប្រកួតនានាទៅវិញ។
ពីដំបូងម៉ាក់ខ្ញុំជំទាស់ខ្លាំងគាត់មិនពេញចិត្តនិងអ្វីដែលខ្ញុំធ្វើ គាត់ខឹងមិននិយាយរកយើងចឹងទៅ គាត់អត់ចូលចិត្តតែម្តង តែឥឡូវមកប្រណាំងគាត់មានតែឱ្យពរថែម។
ទន្ទឹមគ្នាដែរ និស្សិតឆ្នាំទី២ផ្នែកជំនួញដដែលក៏បានចាត់ទុកបទពិសោធដែលបានពីការចូលរួមប្រណាំងម្តងៗ ថាមានតម្លៃសម្រាប់គេសម្រាប់ដុសខាត់ និងពង្រឹងសមត្ថភាពរបស់គេ។ សារ៉ា ក៏បង្ហើបពីគោលដៅចង់ក្លាយជាកីឡាការិនីជម្រើសជាតិម៉ូតូត្រៃរបស់កម្ពុជាសម្រាប់ថ្ងៃអនាគតផងដែរ។
កីឡាការិនី រស់ សារ៉ា ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គដណ្តើមជើងឯកប្រចាំឆ្នាំ ២០២៤ ស្ថិតក្នុងកម្រិតប្រកួតប្រជែងនារីរូបគេបានដណ្តើមបានជ័យលាភីលេខ១ ក្នុងចំណោម កីឡាការិនីសរុប ៥នាក់៕