Skip to content
    ទំព័រដើម  »  កីឡាជាតិ

បាល់ទាត់ផ្លាស់ប្តូរទម្លាប់ក្មេងម្នាក់ដែលវីវក់នឹងហ្គេមមកជាបុគ្គលគំរូក្នុងភូមិ

យុវជន អឺង វុត្ថា សមាជិកក្រុមបាល់ទាត់ភ្នំជីសូរបានលើកឡើងថាបាល់ទាត់បានជួយកែប្រែទម្លាប់អាក្រក់ដែលធ្លាប់តែវក់នឹងការលេងហ្គេមមកផ្តោតលើកីឡាលើវាលស្មៅនេះវិញ។ បន្ថែមពីនេះក្រោយបានផ្លាស់ប្តូរមកលេងបាល់ទាត់ធ្វើឱ្យរូបគេក្លាយជាបុគ្គលគំរូក្នុងភូមិទៀតផង។

សិស្សថ្នាក់ទី១២ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនភ្នំជីសូរទទួលបានការសាទរពីអ្នកភូមិតាមរយៈការនាំក្មេងតូចៗមកលេងបាល់ទាត់ និងចែករំលែកចំណេះដឹងដែលគេមានកន្លងមកនេះ។ យុវជនមានមូលដ្ឋានក្នុងស្រុកសំរោងខាងលើក៏បានសំណូមពរដល់ថ្នាក់ដឹកនាំពាក់ព័ន្ធជួយសាងសង់ទីលានបាល់ទាត់ស្អាតមួយសម្រាប់សម្រួលដល់ការប្រកួតនានាប្រចាំខេត្តស្រុករបស់គេផង។

មុនពេលលេងបាល់ខ្ញុំជាក្មេងរៀងវក់ហ្គេម ចេញពីរៀនមកចាប់ទូរស័ព្ទលេងហ្គេម យប់ឡើងលេងតទៀត ហើយជិតភ្លឺខ្ញុំងើបលេងទៀត។

យុវជន អឺង វុត្ថា ចេះលេងបាល់ទាត់ដំបូងតាមរយៈការទៅហ្វឹកហាត់ជាមួយអង្គការមួយដែលនៅតំបន់គេ។ ហើយរូបគេចូលរួមជាមួយក្រុមបាល់ទាត់ភ្នំជីសូរមកទល់នឹងពេលនេះបានរយៈពេលជាង ៦ឆ្នាំមកហើយ៕