យុវជន ពេជ្រ ច័ន្ទវិរៈបុត្រ និង សួន លីហួរ ជាសមាជិកស្គីកង់កម្ពុជា ឬCRSAបានលើកឡើងថា ដកចិត្តមិនរួចពីកីឡាស្គីកង់ចម្ងាយនេះបាន ព្រោះស្គីកង់ផ្តល់អារម្មណ៍អស្ចារ្យប្លែក និងមានក្បាច់លេងច្រើនពីកីឡាផ្សេងៗដែលធ្លាប់លេងកន្លងៗមក។ យុវជនមានមូលដ្ឋាននៅទួលសង្កែ និងសែនសុខ ខាងលើបានបន្ថែមអំពីអត្ថប្រយោជន៍កីឡាស្គីកង់ថាជាប្រភេទកីឡាដែលធ្វើឱ្យមានកាយសម្បទារឹងមាំ ពិសេសគឺការរក្សាលំនឹងខ្លួនបានល្អ។
សមាជិកក្រុម CRSA ខាងលើបានបង្ហាញពីគោលជំហរក្នុងការផ្សព្វផ្សាយអំពី កីឡាស្គីកង់ ដែលមិនសូវពេញនិយមមួយនេះឈានទៅមុខមួយកម្រិតទៀត ដើម្បីបង្ហាញទៅពិភពលោកឱ្យគេដឹងថានៅខ្មែរក៏មានអ្នកលេងពូកែៗដែរ។ អ្នកទាំងពីរក៏បានសំណូមពរទៅដល់អ្នកមានធនធានជួយឧបត្ថម្ភពួកគេផង ដើម្បីជាចំណែកអភិវឌ្ឍកីឡានេះរីកចម្រើនកាន់តែឆាប់រហ័ស។
សូមបញ្ជាក់ថា កីឡាស្គីកង់ជាប្រភេទកីឡាដែលមានប្រភពពីបរទេស ហើយនៅកម្ពុជាបច្ចុប្បន្នទើបតែមានមួយក្រុមប៉ុណ្ណោះគឺក្រុម Cambodia Roller Sports ដែលលោក កាន់ វាសនា គឺជាអ្នកផ្តួចផ្តើមនិងក៏ជាគ្រូបង្វឹកផ្ទាល់នៃសមាជិកសរុបប្រមាណ ១២នាក់៕