យុវជន អ៊ីតុ សេតុ ជាកូនជប៉ុន កើតនិងរស់នៅកម្ពុជាហើយនិយាយភាសាខ្មែរយ៉ាងច្បាស់។ គេស្រឡាញ់បាល់ទាត់ខ្លាំងណាស់ និងតែងស្រមៃចង់ពាក់ឯកសណ្ឋានប្រកួតតំណាងកម្ពុជា។ ឥឡូវនេះក្តីស្រមៃរបស់គេកាន់តែខិតកៀកនឹងដៃរបស់គេហើយ ដោយពេលនេះ សេតុ កំពុងស្ថិតក្នុងបញ្ជឺបឋម ៣៥នាក់ចុងក្រោយនៃការធ្វើតេស្តសមត្ថភាពយុវជន U16 កម្ពុជា។
សមាជិកក្រុមយុវជនថ្នាលនៃក្លឹបសៀមរាបយូណាយធីតខាងលើបានធ្វើតេស្តជម្រើសជាតិអាយុក្រោម ១៦ឆ្នាំជាប់ជាច្រើនដំណាក់កាលរួចមកហើយ។ ទោះបីមិនទាន់ចេញបញ្ជឺ ២៣នាក់ចុងក្រោយ ដែលគ្រូបង្គោល Koji Gyotoku នឹងជ្រើសរើសទៅប្រកួតពាន ASEAN U16 Boys’ Championship 2024 តែសេតុ បានបង្ហាញអារម្មណ៍រំភើប ព្រោះបានបោះជំហានមួយកាំទៀតទៅយកឱកាសលេងក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាកម្រិតយុវជនដូចជាគោលបំណងខ្លួនដែលបានកំណត់ទុកមកនោះ។
កូនជប៉ុនកើតនៅកម្ពុជារូបនេះបន្តថា ទោះបីជាលទ្ធផលនៃការតេស្តយ៉ាងណារូបគេទទួលយកទាំងអស់ តែ សេតុ ជឿជាក់លើបច្ចេកទេសរបស់ខ្លួនឯង ថ្វីបើអាចចាញ់កត្តាកាយសម្បទាបើធៀបនឹងយុវជនដទៃទៀតដែលមកធ្វើដូចគ្នា។
ជាមួយគ្នាដែរ កីឡាករមានអាយុ ១៤ឆ្នាំដដែលថាការសម្រេចចិត្តចូលរួមលេងជាមួយជម្រើសជាតិកម្ពុជានេះ ទទួលបានសាទរជាខ្លាំងពីក្រុមគ្រួសាររបស់គេ។ លើសពីនេះខ្សែការពារមកពីទឹកដីអង្គរបន្ថែមថា បើសិនជាមានឱកាសបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ រូបគេប្តេជ្ញានិងជួយក្រុមឱ្យអស់ពីលទ្ធភាព។
ពានរង្វាន់ ASEAN U16 Boys’ Championship 2024 នឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ហើយក្នុងនាមជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ត្រៀមពីរទីលានសម្រាប់ប្រកួតដែលស្ថិតក្នុងទីក្រុង Surakarta ខណៈព័ត៌មាននៃការចាប់ឆ្នោតបែងចែកពោលមិនទាន់មាននៅឡើយ៕