Skip to content
    ទំព័រដើម  »  កីឡាជាតិ

បានរៀនវគ្គគ្រូបាល់ទាត់កម្រិត “ឃ” យុវជន អ៊ុំ តុលា មកពីអង្គការផ្កាយសមុទ្រ ថាជាឱកាសសំលៀងសមត្ថភាពក្លាយជាគ្រូបង្វឹកអាជីពនាថ្ងៃអនាគត

យុវជន អ៊ុំ តុលា ជាគ្រូបង្វឹកក្រុមបាល់ទាត់នារីអាយុក្រោម ១០ឆ្នាំប្រចាំអង្គការផ្កាយសមុទ្រ ក្នុងឱកាសមកសិក្សាក្នុងវគ្គគ្រូបង្វឹកកម្រិត ឃ រូបគេមើលឃើញថាជារឿងដែលល្អសម្រាប់ដុសខាត់សមត្ថភាព និងបង្កើននៅពុទ្ធិបាល់ទាត់របស់ខ្លួន។ បន្ថែមពីនេះ គ្រូបង្វឹកវ័យ២១ឆ្នាំ ដដែលមានក្តីរំពឹងខ្លាំងសម្រាប់ការបានមកសិក្សាវគ្គមួយនេះ ដោយក្រោយបញ្ចប់វគ្គនេះទៅរូបគេនឹងអាចយកចំណេះជំនាញដែលទទួលបាន ទៅអនុវត្តជាមួយក្រុមបាល់ទាត់នារីរបស់ខ្លួនបន្ថែមទៀត។

ជាមួយគ្នាដែរ កូនអ្នកស្រុកកណ្តាលស្ទឹងខាងលើ ថាសម្រាប់វគ្គគ្រូបង្វឹកកម្រិត ឃ នេះគឺជាវគ្គដែលសំខាន់បំផុតសម្រាប់មហាជនដែលចាប់អារម្មណ៍ការងារជាគ្រូបង្វឹកបាល់ទាត់។ ហើយសម្រាប់ តុលា ផ្ទាល់ក៏បានបង្ហាញនៅមហិចតាជាមួយការងារជាគ្រូបង្វឹករបស់ខ្លួនថា នៅថ្ងៃអនាគតរូបគេក៏ចង់ក្លាយខ្លួនជាគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ។

លើសពីនេះទៀត កូនពៅប្រចាំគ្រួសារអ្នករកស៊ីដដែលបន្ថែម ថាអាជីពជាគ្រូបង្វឹកបាល់ទាត់នេះអាចឱ្យគេរកប្រាក់កម្រៃខ្លះៗ ជួយសម្រួលដល់ជីវភាពរបស់គេបានមួយអន្លើដែរ។ តែមុននឹងបានផ្លែផ្កាដូចសព្វថ្ងៃក៏មានរារាំងពីក្រុមគ្រួសារតិចតួចផងដែរ។

អ៊ុំ តុលា ស្ថិតក្នុងវ័យ២១ឆ្នាំទេ ប៉ុន្តែរូបគេបានបោះជំហានយ៉ាងឆាប់រហ័សជាមួយអាជីពជាគ្រូបង្វឹកបាល់ទាត់ ដោយបច្ចុប្បន្នមានក្រុមបាល់ទាត់ដឹកនាំស្រាប់ និងក៏ធ្លាប់រួមចំណែកដឹកនាំក្រុមបាល់ទាត់ Volleyball All Star ដែលប្រកួតក្នុងកម្មវិធីបាល់ទាត់មិត្តភាព សប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បី សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕