លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលក្រោយពីបិទបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សឧត្តមសិក្សាឆ្នាំ ២០២៤ បានឆ្លើយតបបញ្ហាដែលមិនសូវមានការចូលរួមពីបណ្តាសាលា ឬវិទ្យាស្ថាន ក្នុងចំនួនច្រើន ដោយសារតែកត្តាមួយចំនួនដូចជាបញ្ហាកង្វះធនធានកីឡាករ-កីឡាការិនី, មួយទៀតកីឡាមួយនេះមិនទាន់មាននៅក្នុងកម្មវិធីសិក្សាដូចកីឡាដទៃ និងបញ្ហាអាងទឹកនៅមានចំនួនតិចជាដើម។
បន្ថែមពីនេះ អគ្គលេខាធិការដដែលមានក្តីរំពឹងថាការប្រកួតកីឡាសិស្សឧត្តមសិក្សាឆ្នាំ ២០២៦ អាចនឹងមានកំណើនធនធានកីឡាករ-កីឡាការិនីចូលរួមច្រើនជាងនេះ ដែលមកពីសាលា ឬសាកលវិទ្យាល័យផ្សេងៗ។ លោក ហែម គិរី ថ្លែងបែបនេះ ដោយផ្អែកលើការសហការភាពជាដៃគូជាមួយសាលានានា ដោយអនុញ្ញាតឱ្យបញ្ជូនកីឡាករ-កីឡាការិនី មកហ្វឹកហាត់នៅអាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីជាចលករផលិតធនធានកីឡាករកម្រិតនិស្សិតមួយនេះ។
ក្រោយបញ្ចប់ការប្រកួតកីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សា សង្កេតឃើញថា សាកលវិទ្យាល័យវេស្ទើនភ្នំពេញ ឈរនៅលេខមួយនៃតារាងមេដាយដោយឈ្នះ មេដាយមាស៦ ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង លេខ២ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ទទួលបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ៤ លេខ៣ វិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២ លេខ៤ សាកលវិទ្យាល័យជាតិបាត់ដំបង មេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៣ លេខ៥ សាកលវិទ្យាល័យវេស្ទើនកំពង់ចាម ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៤គ្រឿង៕