Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវតី រស់ ស៊ីកន្និកា និង គឹម ចន្ត្រា បង្ហាញការខកចិត្តខ្លះសម្រាប់លទ្ធផលមិនសមប្រកបការប្រកួតវាយសីពានឧត្តមសិក្សា

យុវតី រស់ ស៊ីកន្និកា និង គឹម ចន្ត្រា ជាដៃគូវាយសីក្នុងវិញ្ញាសាវាយគូនារីព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ទៅត្រឹមមេដាយប្រាក់ បានបង្ហាញអារម្មណ៍សោកស្តាយបន្តិចបន្តួច ព្រោះមិនសម្រេចទៅបានតាមការព្រាងទុករបស់ពួកគេ។ លើសពីនេះ សម្រាប់ការប្រកួតកីឡាឧត្តមសិក្សានេះ គឺជាលើកទី១ហើយដែលអ្នកទាំងពីរចាប់ដៃគូគ្នាប្រកួតជាលក្ខណៈផ្លូវការ។

និស្សិត សាកលវិទ្យាល័យវេស្ទើនភ្នំពេញដដែល ក៏ដឹងអំពីចំណុចដែលចាញ់ប្រៀបមួយចំនួន ដូចជាការបន្លាស់ទី និងបញ្ហាកម្លាំងជាដើម។ ប៉ុន្តែយុវតីវ័យ ២១ និង ២៣ឆ្នាំ នេះថានឹងធ្វើការហ្វឹកហាត់ បំពេញបន្ថែមទៅទៀត នៅចំណុចដែលខ្សោយទាំងនោះ ដើម្បីសម្រេចជ័យលាភីក្នុងព្រឹត្តិការណ៍ផ្សេងៗឯទៀត។

កូនអ្នកកំពង់ធំ និង បាត់ដំបង ខាងលើមើលឃើញព្រឹត្តិការណ៍ការប្រកួតវាយសីពានឧត្តមសិក្សានេះ គឺជាការផ្តល់ឱកាសឱ្យសិស្ស-និស្សិតដែលចូលចិត្តលេងកីឡាអាចប្រកួតវាស់ស្ទង់សមត្ថភាពរបស់ពួកគេបាន ក្រៅតែពីការលក្ខណៈសុខភាពៗ។ ជាមួយគ្នាដែរ រស់ ស៊ីកន្និកា និង គឹម ចន្ត្រា លើកទឹកចិត្តឱ្យមហាជននាំគ្នាលេងកីឡា ជៀសវាងការធ្វើអំេពីដែលមិនល្អក្នុងសង្គម។

គួររំឭកថា រស់ ស៊ីកន្និកា និង គឹម ចន្ត្រា ក្នុងការប្រកួតវាយសីកីឡាឧត្តមសិក្សាឆ្នាំ២០២៤ នេះ ទទួលបានមេដាយប្រាក់ ក្នុងវិញ្ញាសាវាយគូនារី ក្រោយចាញ់យុវតីមិត្តរួមសាកលវិទ្យាល័យពីររូបផ្សេងទៀតគឺ រស់ សុមនា និង ហៀង រតនា នៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕