លោក យ៉ម វណ្ណា គ្រូបង្គោលក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញអាយុក្រោម១៦ឆ្នាំ ឆ្លងកាត់ការប្រកួតលីគយុវជនបាន៤សប្តាហ៍មកនេះ ឃើញថាបញ្ហារារាំងការស្វែងរកជ័យជម្នះដំបូងសម្រាប់ក្រុមនោះគឺស្ថិរភាពក្រុម កត្តាកម្លាំង និងពេលវេលាហ្វឹកហាត់មានតិចតួចស្តួចស្តើង។ យ៉ាងណាគ្រូបង្គោលមានប្រភពពីស្រុកស្អាង ថាលោកនិងក្រុមការងារតែងតែព្យាយាមរិះរកវិធីសាស្រ្តផ្សេងៗសម្រាប់កែកុនកូនក្រុមឱ្យកាន់ប្រសើរជាងនេះទៅទៀត។
គ្រូបង្វឹកវ័យ៣៥ឆ្នាំ បន្តថាលោកតែងតែដាស់តឿនឱ្យកូនក្រុមលោកស្វ័យហ្វឹកហាត់ខ្លួនឯងបន្ថែមពីពេលវេលានៃការហ្វឹកហាត់ជាប្រចាំរបស់ក្រុម។ លើសពីនេះលោកក៏សរសើរដល់កូនក្រុមថាពីមួយប្រកួតទៅមួយប្រកួតពួកគេមានការវិវឌ្ឍប្រសើរច្រើន។
បន្ទាប់ពីឃើញពីចំណុចអសកម្មទាំងប៉ុន្មាន លោក យ៉ម វណ្ណា ថាសម្រាប់ប្រកួតបន្ទាប់ជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នឹងពង្រឹងគុណផលប្រយុទ្ធរបស់ក្រុមឱ្យមានភាពមុតស្រួចជាងនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ គ្រូបង្គោលដដែលក៏បានបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញក្នុងការប្រកួតប្រជែងពានលីគយុវជននេះផងដែរ។
គិតត្រឹមសបា្តហ៍ទី៤នេះ ក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញទើបតែរកបាន៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៤លើក ក្នុងនោះស្មើបីប្រកួតជាប់ៗគ្នាចុងក្រោយដូចជាលទ្ធផល 0-០ ទល់នឹងក្រុមU16បឹងកេត, ស្មើគ្នា៣ទល់នឹង៣ជាមួយU16ក្រោន, ស្មើU16សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២-២ និងចាញ់ក្រុម U16 អាយ អេស អាយ ដង្កោសែនជ័យ ៨ ទល់នឹង ២៕