ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តអត្តពលិកបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបានលទ្ធផលល្អជាហូរហែទៀតក្នុងការប្រកួតលើឆាកអន្តរជាតិនានា។ ចំណែកសហព័ន្ធជាតិក៏ត្រូវបន្តប្រឹងប្រែងបណ្ដុះធនធានឱ្យបានច្រើនថែមទៀត។
ឯកឧត្ដម ហង់ជួន ណារ៉ុន មានប្រសាសន៍បែបនេះនៅរសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ម្ចាស់ជយលាភីប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។
បើតាមរបាយការណ៍របស់ឯកឧត្ដម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូន ប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ និងលក្ខណៈអន្ដរជាតិក្នុងតំបន់ដោយប្រើប្រាស់ថវិការបស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡាកម្មវិធីទី៣ និងថវិការបស់គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) លើ០៣ប្រភេទកីឡារួមមាន៖ កីឡាការ៉ាតេ ប៉េតង់ និងកីឡាគុនល្បុក្កតោ ដោយទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
១-ប្រតិភូកីឡាកម្ពុជា ចំនួន១៧៩នាក់ លើ១៧ប្រភេទកីឡា វិញ្ញាសាសរុប ៨៩ ទៅចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhenjiang សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ មានចំនួន៤៥ប្រទេសចូលរួម ។ ជាលទ្ធផល កម្ពុជា ទទួលបានមេដាយ សំរឹទ្ធិ០១គ្រឿង ពីប្រភេទកីឡាការ៉ាតេ លើវិញ្ញាសាសំដែងក្រុមនារី ។
២-ប្រភេទកីឡាប៉េតង់៖ មានប្រតិភូ កីឡាករ កីឡាការិនី សរុបចំនួន០៥នាក់ ទៅចូលរួមប្រកួតកីឡាពិភពលោក Single, Doubles, Mixed Doubles World Championship 2023 នៅប្រទេសបេនីន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ឃែកញ្ញា ឆ្នាំ២០២៣ ដែលមានចំនួន ៣១ប្រទេសចូលរួម ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធឹ០៣គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ ៦។
៣-ប្រភេទកីឡាការ៉ាតេ៖ មានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៧នាក់ ទៅចូលរួមប្រកួតកីឡាជើងឯកអាស៊ីលើកទី១៨ នៅទីក្រុងTashkent ប្រទេសអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមាន ៣៣ប្រទេសចូលរួម ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធិ០២គ្រឿង ឈរលំដាប់ថ្នាក់លេខ១៩។
៤- ប្រភេទកីឡាគុនល្បុក្កតោ៖ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ៣២នាក់ ជើងឯកអាស៊ីអាក្នេយ៍លើកទី១ នៅទីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន០៤ប្រទេសចូលរួម ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ០៤គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធិ ០២គ្រឿង ឈរលំដាប់ថ្នាក់លេខ១។