អ្នកស្រី ស្រ៊ាង ស្រីពៅ បុគ្គលិកក្រុមហ៊ុនមួយកន្លែងលើកឡើងក្រោយបញ្ចប់ការប្រកួតជិះសេះលើកទី៤ដែលរៀបចំដោយសហព័ន្ធកម្ពុជាបង្ហាត់សេះថាថ្វីបើនេះជាលើកទីមួយរបស់គាត់ តែគាត់ពិតជាសប្បាយចិត្តដែលអាចបញ្ចប់ការប្រកួតដំបូងរបស់ខ្លួនបានដោយជោគជ័យបែបនេះ។ បុគ្គលិកក្រុមហ៊ុនវ័យ៣៥ឆ្នាំដដែលបន្ថែមថាកន្លងមកធ្លាប់តែអង្គុយមើលគិតថាមិនមានអ្វីពិបាក ប៉ុន្តែដល់ជិះផ្ទាល់ខ្លួនឯងអ្នកស្រីថាមិនស្រួលឡើយមួយខ្លាចធ្លាក់ពីខ្នងសេះ ណាមួយទៀតមិនដឹងថាចលនារបស់សេះវាទៅណាឱ្យប្រាកដ។
កូនអ្នកភ្នំពេញខាងលើបន្តថាឆ្លងកាត់បទពិសោធប្រកួតលើកទីមួយនេះហើយធ្វើឱ្យគាត់កាន់តែមានទឹកចិត្តចង់អភិវឌ្ឍខ្លួនមួយកម្រិតទៀត ហើយបើអាចនោះ អ្នកស្រីក៏ចង់ក្លាយខ្លួនជាធនធានជម្រើសជាតិក្នុងកីឡាមួយនេះផងដែរ។ ជាមួយគ្នាដែរ អ្នកស្រី ស្រ៊ាង ស្រីពៅ ក៏ឆ្លៀតលើកទឹកចិត្តឱ្យអ្នកស្រឡាញ់ចូលចិត្តលេងកីឡាគួរនាំគ្នាចាប់អារម្មណ៍ និងសាកល្បងកីឡាដែលប្រើប្រាស់សត្វពាហនៈនេះម្តង ដើម្បីទទួលបានអារម្មណ៍ថ្មីមួយទៀតពីការលេងកីឡា។
សូមបញ្ជាក់ថា នេះជាលើកទី៤ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និង Genius Resort បានសហការគ្នាបង្កើតនៅកម្មវិធីប្រកួតជិះសេះនេះកើតមានឡើង។ ប៉ុន្តែសម្រាប់ អ្នកស្រី ស្រ៊ាង ស្រីពៅ ជាលើកទីមួយក៏ពិតមែន យ៉ាងណាក៏ធ្វើបានល្អអាចជាប់ចំណាត់ថ្នាក់លេខ៦ក្នុងចំណោមកីឡាករសរុប១៣នាក់ផងដែរ៕