សុភាសិតរបស់ខ្មែរយើងពោលថា ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ។ ស្របគ្នានេះដែរ យុវជន ហួន ពុធប្ញទ្ធីសក្តិ កីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញពីផែនការរួមចំណែកថែរក្សា និងអភិវឌ្ឍកីឡាដែលខ្លួនស្រឡាញ់តាមរយៈការបង្កើតនៅក្លឹបវាយប៉េងប៉ុងផ្ទាល់ខ្លួនមួយនាថ្ងៃខាងមុខ។ សិស្សវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង ចង់ធ្វើបែបនេះក៏ព្រោះតែខ្លួនធ្លាប់ទទួលសមិទ្ធផលនានាដូចជាការឈ្នះមេដាយ និងការចេញទៅក្រៅប្រទេសក៏បានតាមរយៈកីឡាដែលមានដើមកំណើតពីប្រទេសអង់គ្លេសមួយនេះដែរ។
បន្ថែមពីនេះ កូនអ្នករស់នៅខណ្ឌពោធិ៍សែនជ័យខាងលើបន្តថាគោលដៅនេះអាចចេញជារូបរាងទៅបាន អាស្រ័យពេលគេមានលទ្ធភាព និងធនធានគ្រប់គ្រាន់។ ដោយ ហួន ពុធប្ញទ្ធីសក្តិ ថាមិនស្ទាក់ស្ទើរ ឬរារែកចិត្តក្នុងការបង្កើតអាជីវកម្មជាមួយកីឡាវាយកូនឃ្លីលើតុនេះឡើយ។
ហួន ពុធប្ញទ្ធីសក្តិ សមិទ្ធផលដែលគេធ្លាប់ទទួលបានពីព្រឹត្តិការណ៍ធំមានដូចជាមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៣ ពីការប្រកួតកីឡាថ្នាក់ជាតិ, មេដាយប្រាក់២គ្រឿងកម្មវិធី សហភាពសហព័ន្ធយុវជនកម្ពុជាលើកទី១ និងការបានចេញទៅប្រកួតកម្មវិធី Sea Youth 2023 ជាដើម៕