ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាបន្ទាប់ពីបញ្ចប់យុទ្ធនាការព្រឹត្តិការណ៍ AFF Women’s Cup 2024 ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ១ទល់នឹង៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមដែលបង្វឹកដោយលោក ឃួន ឡាបូរ៉ាវី នៅសល់ភារកិច្ចធំមួយទៀតនៅចំពោះមុខគឺព្រឹត្តិការណ៍ AFF Women Championship 2025 ដែលប្រជុំទៅដោយក្រុមជើងខ្លាំងៗបំផុតប្រចាំតំបន់បូកបន្ថែមជាមួយក្រុម៣ដែលឡើងពី AFF Women’s Cup រួមមានឥណ្ឌូនេស៊ី កម្ពុជា និងសង្ហបុរី។
ព្រឹត្តិការណ៍បាល់ទាត់នារីធំប្រចាំតំបន់នេះមានក្រុមខ្លាំងៗដែលកំពុងឈរចាំស្រាប់នោះរួមមានក្រុមបាល់ទាត់នារី ថៃ,វៀតណាម,មីយ៉ាន់ម៉ា,និងហ្វីលីពីន សម្រាប់ថ្ងៃបរិច្ឆេទនៃការប្រកួតមិនទាន់បានផ្សព្វផ្សាយនៅឡើយទេ។ ឆ្លងកាត់ការប្រកួត AFF Women’s Cup 2024 ដែលកម្ពុជាបានស្មើឥណ្ឌូនេស៊ីក្នុងវគ្គចែកពូល ០ទល់នឹង០ ,ឈ្នះម៉ាឡេស៊ី ២ទល់នឹង០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបន្តឈ្នះទីម័រ ៣ទល់នឹង ០ មុនចាញ់ក្រុមឥណ្ឌូនេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤។ អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបច្ចុប្បន្នជាគ្រូបង្គោលក្រុមនារីជម្រើសជាតិលោក បូរ៉ាវី ដែលមានកំណើតមកពីខេត្តកំពង់ចាមបានមើលឃើញពីចំណុចមួយចំនួនដែលត្រូវពង្រឹងបន្ថែមជាចំណុចសំខាន់ៗដូចជាការពង្រឹងគុណភាពលីគនារីកម្ពុជា ការបង្កើនការប្រកួតឱ្យបានច្រើនសម្រាប់នារី និងក៏ដូចជាការផលិតនៅធនធានកីឡាការិនីថ្នាលបន្ថែមទៀត។
នេះជាប្រវត្តិសាស្ត្រដល់វិសេសវិសាលមិនដែលមានឡើយក្នុងពិភពបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានក្រុមជម្រើសជាតិឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ផ្លូវការបែបនេះ។ ជាមួយនឹងភាពជោគជ័យដែលក្រុមបាល់ទាត់នារីកម្ពុជាធ្វើបាននេះត្រូវទទួលបានការសាទ័រប្រកបដោយមោទកភាពពីប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈតាំងពីមហាជនទូទៅរហូតដល់ថ្នាក់ដឹកនាំ។ ដោយក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហោះលើផេកផ្លូវការរបស់សម្តេចថាសូមកោតសរសើរដល់ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើងនៃពានរង្វាន់ AFF Women’s Cup 2024។
ស្របគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានសាទ័រយ៉ាងឃ្លៀវក្លាផងដែរ ដោយបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមថាសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមបាល់ទាត់ លោកគ្រូបង្វឹក និងប្អូនៗកីឡាការិនីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការ នាំយកក្រុមជម្រើសជាតិបាលទាត់នារីកម្ពុជាឈានដល់កម្រិតកំពូលក្នុងពានរង្វាន់ថ្នាក់តំបន់មួយនេះ៕