Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប៉េតង់ថ្នាក់ជាតិឆ្នាំនេះមានវិញ្ញាសាពិសេស

លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាប៊ូល និង ប៉េតង់ ឆ្នាំ២០២៤ បញ្ជាក់ថា ការប្រកួតឆ្នាំនេះគឺជាលើកទី១ដែលសហព័ន្ធបានរៀបចំវិញ្ញាសាប្រកួតជ្រើសរើសបំពេញបន្ថែមជម្រើសជាតិដើម្បីប្រមូលផ្ដុំសម្រាប់ឆ្នាំ២០២៥ និងត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតអន្តរជាតិដែលកម្មវិធីប្រកួតផ្សព្វផ្សាយដោយសហព័ន្ធកិឡាប៊ូលអាស៊ី។

សម្រាប់វិញ្ញាសាប្រកួតជ្រើសរើសបំពេញបន្ថែមជម្រើសជាតិមានដូចជា ៖

បុរស១៨ឆ្នាំឡើង (ក្រុមធំបុរស) ១ទល់១ មានចំនួន២២ក្រុម

នារី១៨ឆ្នាំឡើង (ក្រុមធំបុរស) ១ទល់១ ចំនួន៨ក្រុម

បុរសអាយុ១៧-២៥ (យុវជន) ១ទល់១ ចំនួន១៥ក្រុម

នារីអាយុ១៧-២៥ (យុវជននារី) ១ទល់១ ចំនួន៩ក្រុម។

ក្រៅពីនោះ ក៏មានវិញ្ញាសាសម្រាប់សម្ព័ន្ធ ក្លិប​​ប្រកួតទូទៅ ដែលមាន ៖

វិញ្ញាសាបុរសវាយយកពិន្ទុ ចំនួន២៧ក្រុម
នារីវាយយកពិន្ទុ ៩ក្រុម
បុរស៣ទលល់៣ ៤០ក្រុម
នារី៣ទល់៣ ចំនួន៦ក្រុម

សរុបកីឡាករកីឡាការិនីទាំង២ប្រភេទវិញ្ញាសាធំៗនេះ គឺមានចំនួន២៧៣នាក់។

ការប្រកួតនេះប្រព្រឹត្តទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នាទីលានកីឡាប៊ូល និង ប៉េតង់ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់ កម្ពុជា ជឿជាក់ថា ទោះបីលទ្ធផលបែបណា កីឡាករ-កីឡាការិនីនៅតែរក្សាស្នាមញញឹមជាប់ជានិច្ច ។ លើសពីនេះ លោកបានលើកទឹកចិត្តដល់អត្តពលិកទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងដុសខាតសមត្ថភាពឲ្យរឹតតែខ្លាំងមួយកម្រិតថែមទៀត ជាមួយនឹងការរក្សានូវភាតរភាព និងសាមគ្គីភាពផ្ទៃក្នុង សីលធម៌ និងរក្សាឲ្យបាននូវទឹកចិត្តជាអ្នកកីឡា ក្នុងនាមក្រុមគ្រួសារកីឡាប៉េតង់កម្ពុជាផងដែរ៕