ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានសម្តែងការសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណត់ត្រាថ្មីរបស់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ដែលមានចំនួនក្រុមចូលរួមរហូតដល់ទៅ៣៥ក្រុម។ នេះជាការលើកឡើងក្នុងពិធីបើកការប្រកួតជាផ្លូវការ ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្ដាតចាស់។
ឯកឧត្តមប្រធានបានបន្តថាកំណើននៃចំនួនក្រុមចូលរួមពីមួយឆ្នាំទៅមួយឆ្នាំបែបនេះ ពិតជាបង្ហាញនូវភាពវិជ្ជមាន និងដើរតាមផែនការរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលតែងតែគាំទ្រ និងសហការរៀបចំកម្មវិធីជាបន្ដបន្ទាប់ ពិសេសវិស័យកីឡា ស.ស.យ.ក បានរៀបចំប្រកួតកីឡាជាបន្ដបន្ទាប់ ក្នុងស្មារតីបំផុសចលនាយុវជនឱ្យចូលចិត្ត និងស្រឡាញ់កីឡា ដើម្បីសុខភាព និងចៀសវាងយកពេលវេលាទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
ស្របគ្នាដែរ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការបានឱ្យដឹងថារយៈពេល១០ឆ្នាំកន្លងមកពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន មានកំណើនក្រុមចូលរួមជាបន្ដបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៣ ដែលបង្កើតឡើងដំបូងមានត្រឹម ៩ក្រុមចូលរួម តែបច្ចុប្បន្នបានកើនដល់ ៣៥ក្រុម ដែលជាកំណត់ត្រាថ្មីមួយទៀត ធៀបនឹងឆ្នាំ២០២៤ មានត្រឹម ៣៤ក្រុមចូលរួម។
បន្ថែមទៀត ឯកឧត្តម សុខ សប្បាយណា ក៏ថាពាននេះពិតជាបានផ្ដល់សារៈសំខាន់ ក្នុងការលើកកម្ពស់ និងពង្រីកចំណងមិត្តភាព សាមគ្គីភា រវាងយុវជន ដែលជាមន្ដ្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័ន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ រលូន និងប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលចង់ឱ្យកីឡាករ ជាមន្ដ្រីរាជការទាំងអស់មានការប្រាស្រ័យទាក់ទងគ្នាតាមរយៈព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ មាន ៣៥ក្រុមចូលរួម បែងចែកជា ៨ពូល ក្នុងពូលA, B, C, D និងពូលE គឺមាន ៤ក្រុមស្មើគ្នាក្នុងមួយពូល គ្រាដែលពូលF, ពូលG និងពូលH មាន ៥ក្រុមដូចគ្នា ដើម្បីធ្វើការប្រកួតជម្រុះស្វែងរកក្រុមលេខ១ និងលេខ២ ប្រចាំពូលនីមួយៗឡើងវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គបន្ដបន្ទាប់ ។ សម្រាប់លទ្ធផលប្រកួតបើកឆាកពូក A ២គូ ក្រុមការពារតំណែងជើងឯកក្រសួងអប់រំ យុវជន និងកីឡា បានចាញ់ក្រសួងការពារជាតិ ១-០ និងក្រុមគណៈមេធាវី បានយកឈ្នះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៣-២៕