Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្មួយប្រុសបង្កើត សំអែល ណាសា ទម្លាយរឿងរ៉ាវពីក្រោយការប្តូរពីលេងនៅតារាងស្មៅមកក្នុងសាល

យុវជន ណាហ្ស៊ែ អារ៉ាហ្វាត កីឡាកររបស់ក្រុមបាល់ទាត់ក្នុងសាល DIG FC និងជាក្មួយប្រុសបង្កើតរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាកីឡាករ សំអែល ណាសា បាននិយាយជុំវិញការផ្លាស់ប្តូរពីកីឡាករលេងលើតារាងវាលស្មៅមកចាប់ប្រឡូកក្នុងបាល់ទាត់ក្នុងសាលនេះក៏ព្រោះបាល់ទាត់ក្នុងសាលលេងក្នុងម្លប់ តារាងតូចងាយស្រួលលេងជាង ពិសេសគឺមិនទាមទារឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ច្រើនដែលមិនប៉ះពាល់ការសិក្សារបស់ខ្លួន។ យុវជនវ័យ២០ឆ្នាំបន្តថាខ្លួនប្រឡូកបាល់ទាត់ក្នុងសាលនេះតាមរយៈការណែនាំពីមិត្តភក្តិដោយទាក់ចិត្តខ្លាំង ទើបរូបគេសម្រេចចិត្តប្រឡូកស៊ប់តែម្តងក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។

ស្របគ្នានេះដែរ អតីតយុវជនក្រុមភ្នំពេញក្រោនរូបនេះក៏បានថាកាលពីនៅតូចរូបគេតែងតែទទួលបានដំបូន្មានល្អៗពីសំណាក់លោកឪពុក លោកតា និងលោកពូរបស់គេដែលសុទ្ធសឹងតែជាអតីតកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា។

ម្ចាស់អាវលេខ១៩ប្រចាំក្រុមបាល់ទាត់ក្នុងសាល DIG FC ក៏បានបង្ហើបពីមហិច្ឆតាខ្លួនចង់ជាប់ជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាលនៅថ្ងៃអនាគតផងដែរ។ លើសពីនេះ អារ៉ាហ្វាត ក៏បង្ហាញភាពរីករាយដែលឃើញមានពានរង្វាន់បាល់ទាត់ក្នុងសាលច្រើនបែបនេះ ពោលរូបគេអំពាវវនាវឱ្យមានពានរង្វាន់នេះជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកអភិវឌ្ឍបាល់ទាត់ក្នុងសាលកម្ពុជា។

ណាហ្ស៊ែ អារ៉ាហ្វាត​ កើតក្នុងវង្សត្រកូលជាកីឡាករបាល់ទាត់ពោលដោយរូបគេមានពូជាខ្សែប្រយុទ្ធ សំអែល ណាសា និងជីតាក៏ជាអតីតខ្សែប្រយុទ្ធល្បីឈ្មោះ មិត្ត សំអែល ផងដែរ៕