ក្នុងឱកាសនៃកម្មវិធីហ្វឹកហាត់បាល់ទាត់ជាមួយគ្រូជំនាញៗបាល់ទាត់កម្រិតពិភពលោកមកពី Manchester United Soccer School ដែលរៀបចំឡើងដោយ ធនាគារមេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ នៅទីលានហ្វឹកហាត់ បឹងកេត ហាយ-ធិច សង្កេតឃើញទឹកមុខអាណាព្យាបាលដែលជូនកូនៗមកហាក់មានភាពរំភើប និងសប្បាយ។ ក្នុងនោះដែរ លោក ឃឹម ម៉ែងឃាង ក្នុងពេលជូនកូនប្រុសតាំងតែពីខេត្តសៀមរាបមកចូលរួមកម្មវិធីនេះបានថាលោកពេញចិត្តក្នុងការជូនកូនប្រុសមកចូលរួម ក៏ព្រោះជាឱកាសដ៏កម្រមួយដែលអាចហ្វឹកហាត់ជាមួយគ្រូលំដាប់អន្តរជាតិដូច្នេះ។
លោកឪពុកវ័យ ៤០ឆ្នាំរូបនេះបន្តថាក្នុងនាមជាអ្នកគាំទ្រក្លិប Manchester United គួបផ្សំការទទូចសុំពីកូនប្រុសផងទើបលោកបានសម្រេចចិត្តផ្អាកអាជីវកម្មនៅខេត្តពីរថ្ងៃដើម្បីមកទីនេះ។ លោកបន្ថែមទៀតថាការដែលកូនប្រុសបានហ្វឹកហាត់ដោយផ្ទាល់ជាមួយគ្រូៗកម្រិតអន្តរជាតិដូចនេះ លោកជឿជាក់ថាគឺជាបទពិសោធនមួយថ្មីដែលកូនប្រុសលោកទទួលបាន និងក៏ជាអនុស្សាវរីយដែលគួរឱ្យចងចាំមួយផងដែរ។
រំឭឹកថា កម្មវិធីហ្វឹកហាត់បាល់ទាត់ជាមួយគ្រូមកពីសាលាបាល់ទាត់ Manchester United បានរៀបចំដោយធនាគារមេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ រយៈពេលបីថ្ងៃនៃកម្មវិធីសរុបក្មេងៗ និងយុវជនទាំងអស់ដែលមានឱកាសបានមកចូលរួមមានប្រមាណ ១៦០នាក់៕