កញ្ញា ហែម ធីតា អ្នកសម្របសម្រួលទូទៅនៃកម្មវិធី Dream Challenge Club ដែលផ្តួចផ្តើមពីក្រុមនិស្សិតជប៉ុនមួយក្រុមមានឈ្មោះថា World Fut ក្នុងន័យរួមចំណែកលើកស្ទួយ និងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសជួយនៅតាមសហគមននៅបណ្តាលខេត្តផ្សេងៗ។ ក្រុម World Fut បង្កើតយុទ្ធនាការនៅក្នុងប្រទេសកម្ពុជាតាំងតែពីឆ្នាំ២០១៦មកម៉្លេះ ដោយមកទល់ពេលនេះក៏បានជួយបង្កើតនៅក្រុមបាល់ទាត់មួយក្រុមនៅខេត្តព្រៃវែង តារាងបាល់ទាត់ អគារសិក្សា ក៏ដូចជាការបង្កើតនៅកម្មវិធីប្រកួតនានា។
ស្របគ្នា អ្នកសម្របសម្រួលមកពីខេត្តកំពង់ចាមរូបនេះក៏បាននិយាយពីមូលហេតុមួយចំនួនជុំវិញការជ្រើសរើសការប្រកួតបាល់ទាត់ផ្តោតសំខាន់លើកម្រិតយុវជន គឺក្នុងន័យបណ្តុះគំនិតក្មេងៗក៏ដូចជាអាណាព្យាបាលថាបាល់ទាត់មិនត្រឹមតែជាកីឡា និងកម្សាន្ត តែអាចជាអាជីពមួយដែលរកចំណូលបាន។
ក្រុមនិស្សិតជប៉ុន World Fut ដែលបានបង្កើតនៅកម្មវិធី Dream Challenge Club ក្នុងឆ្នាំ២០២៥ នេះនឹងធ្វើឡើងពីទីតាំងដោយលើកទី១នេះធ្វើឡើងនៅភ្នំពេញ និងលើកទី២ ធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។ ចំពោះក្រុមមកចូលរួមក្នុងលើកទី១នេះមានទាំងអស់ ១៤ក្រុម មានកម្រិតអាយុ១២ឆ្នាំចុះក្រោម៕