ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ បញ្ចប់ទៅរលូននិងជោគជ័យ

sok sovanpanha
5 មើល
1 នាទីអាន

ព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជាដែលមានរយៈពេល៣ថ្ងៃ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ចប់ការប្រកួតហើយនាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាក្លិប “LE Club” ។

ក្នុងពេលពិធីបិទការប្រកួតដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសមាជិកសមាជិការផ្សេងៗទៀត។

ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ឯកឧត្តម ឡាំង អូណា បានមានប្រសាសន៍ថា លោកពិតជាវាយតម្លៃ កោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត និងក្រុមកីឡាករ-កីឡាការិនីចូលរួមទាំងអស់ពីទឹកចិត្តខិតខំតស៊ូប្រកួតប្រជែង បើទោះបីជាកំឡុងពេលប្រកួតក្រុមកីឡាករ-កីឡាការិនីខ្លះមានរបួសតិចតួចយ៉ាងក៏ដោយ។ តាមរយៈ ការសហការគ្នាបានយ៉ាងល្អប្រសើរនេះធ្វើឱ្យដំណើរការនៃការប្រកួតទាំងស្រុងមានភាពរលូន ដោយយុត្តិធម៌សម្រាប់ការកាត់ក្តី ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាអាជ្ញាកណ្តាល និងចៅក្រម ទាំងនេះពិតជាការរួមចំណែកក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមៗ ដើម្បីការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃខាងមុខនេះ។

ជាមួយគ្នាដែរ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងសមាជិកប្រតិបត្តិទំាងអស់ ទំាងអាជ្ញាកណ្តាល និងចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំណែកក្នុងការអភិឌ្ឍនប្រភេទកីឡាឡើងភ្នំឱ្យមានការរីកចម្រើន សម្រាប់ចម្រុញរកកីឡាករ-កីឡាការិនីឆ្នើមៗ ដើម្បីការប្រកួតកីឡា SEA GAME លើកទី៣៣ និងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះខាងមុខនេះ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៦១នាក់ ក្នុងនោះកីឡាការិនីចំនួន ១៨ នាក់មកពីក្លិបកីឡាឡើងភ្នំចំនួន ៥ ក្លិប មកពីខេត្តសៀមរាប ៣ និង២ ក្លិបនៅរាជធានីភ្នំពេញ ហើយក្នុងចំណោម ៥ ក្លិបមាន ២ក្លិបទើបនឹងបង្កើតថ្មីដែលជាធនធានមនុស្សថ្មីសម្រាប់ការអភិឌ្ឍនជាមួយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា៕