ឯកឧត្តមបណ្ឌិត ថោង ខុន ៖ សក្ខាកាមទាំង ៥៧នាក់ ដែលបញ្ចប់វគ្គរដ្ឋបាលកីឡានឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការដឹកនាំ និងគ្រប់គ្រងអង្គការកីឡា

sok sovanpanha
6 មើល
0 នាទីអាន

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា “NOCC” នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានចូលរួមពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់អគ្គលេខាធិការ ឬមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសពិធីបិទនេះឯកឧត្តមបានមានប្រសាសន៍ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាមានសារសំខាន់ជាមូលដ្ឋានក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗឱ្យទទួលបានភាពប្រកួតប្រជែងស្មើទៅនិងគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេល អនាគត។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឱ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិ យល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាម រដ្ឋបាលកីឡាអន្តរជាតិ សម្រាប់ការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡាអាចឱ្យសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឱ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ។

គួរឱ្យដឹងដែរថា វគ្គរដ្ឋបាលកីឡាដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ចាប់ផ្តើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៥ ដែលមានសក្ខាកាមដែលថ្នាក់ដឹកនាំ និងជាមន្រ្តីបច្ចេកទេសក្នុងសហព័ន្ធកីឡាជាតិចូលរួមចំនួន៥៧នាក់៕