ឱកាសល្អបានមកដល់ហើយ! សម្រាប់ក្រុមបាល់ទាត់មិនអាជីពបុរស-នារីកម្ពុជា បានទៅប្រកួតពានកម្រិតអន្ដរជាតិ នៅកីឡដ្ឋាន Spurs

narongrewooded
5 មើល
1 នាទីអាន

ឱកាសល្អសម្រាប់ក្រុមបាល់ទាត់មិនអាជីពកម្ពុជា ទាំងបុរស និងនារី ក្នុងដំណើរឆ្ពោះទៅទីក្រុងឡុងដ៍ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅកីឡដ្ឋានរបស់ក្លិបលីគកំពូលអង់គ្លេស Tottenham Hotspur(Spurs) តាមរយៈការត្រឡប់មកវិញ នៃពាននរង្វាន់ AIA Corporate Cup លើកទី៣ ដែលនឹងចាប់ផ្ដើមការប្រកួតនាដើមឆ្នាំ២០២៦ ខាងមុខ។

យោងតាមការជូនដំណឹងរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា សម្រាប់រដូវកាលថ្មីខាងមុខ ក្រៅពីការរៀបចំពាន AIA Corporate Cup ដែលជាពានសម្រាប់ផ្នែកបុរស ក៏នឹងមានបន្ថែមនូវពានរង្វាន់ដ៏ថ្មីសន្លាងមួយទៀត គឺពានរង្វាន់ AIA ជើងឯកនារីកម្ពុជា សម្រាប់អតិថិជនជាស្ដ្រីរបស់ខ្លួន បានចូលរួមប្រកួត និងលេងកីឡា ក៏ដូចជាមានឱកាសទៅប្រកួតនៅទីក្រុងឡុងដ៍ផងដែរ។

ពានរង្វាន់ទាំងពីរនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងរក្សា និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ក្រុមហ៊ុនទាំងអស់ ។ អ្វីដែលពិសេស គឺក្រុមជើងឯក នៃពានរង្វាន់ទាំងពីរ នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ក្នុងការបន្ដដំណើរទៅប្រកួតនៅទីក្រុងឡុងដ៍ ជាមួយក្រុមបាល់ទាត់តំណាង AIA មកពីបណ្ដាប្រទេសផ្សេងៗ ដែលត្រូវប្រជែងពានលើស្មៅប្រៀបបានព្រំក្នុងកីឡដ្ឋានដ៏អស្ចារ្យរបស់ក្លិប Tottenham Hotspur នាខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

មុនទទួលបានសំបុត្រទៅប្រកួតនៅទឹកដីចក្រភពអង់គ្លេសនេះដែរ ក្រុមចូលរួមទាំងអស់ ត្រូវឆ្លងកាត់ការប្រកួតក្នុងស្រុកជាមុនសិន ដែលការប្រកួតគ្រោងនឹងចាប់ផ្ដើមពីដើមខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ ដូច្នេះគណៈកម្មការរៀបចំពានរង្វាន់ បានអំពាវនាវដល់ក្រុមបាល់ទាត់ ដែលជាស្ថាប័ន និងអតិថិជនដៃគូសហការ អេ អាយ អេ ខេមបូឌា រួសរាន់ចុះឈ្មោះឲ្យបានមុនថ្ងៃកំណត់ ដោយពានផ្នែកនារី គ្រោងនឹងបិទការទទួលពាក្យត្រឹមថ្ងៃទី២០ ខែតុលា ខណៈផ្នែកបុរស នឹងបិទការទទួលពាក្យរហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៥។

គួរដឹងថា ពានរង្វាន់បាល់ទាត់លើទីលានខ្នាតតូចលក្ខណៈមិនអាជីព AIA Corporate Cup នេះ បានរៀបចំ ២លើករួចមកហើយ ដោយរដូវកាលទី១ ជើងឯកបានទៅក្រុមបាល់ទាត់ធនាគារស្ថាបនា និងរដូវកាលទី២ ជើងឯកបានទៅក្រុមបាល់ទាត់សាលា CIA First ដែលបានឆ្លងកាត់ការប្រកួតជាមួយក្រុមតំណាងស្ថាប័នជាតិ និងអន្តរជាតិជាច្រើននៅកម្ពុជា រហូតបានក្លាយជាក្រុមតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមការប្រកួតអន្ដរជាតិ នៅចក្រភអង់គ្លេស ដ្បិតកាលពីឆ្នាំមុន ក្រុមតំណាងកម្ពុជា CIA First បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង៕