ព្រឹត្តិការណ៍វ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ នៅកម្ពុជា នឹងមាន១៥ប្រទេសនិងអត្តពលិកជិត៣០០នាក់ចូលរួម

0 នាទីអាន

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងមាន១៥ប្រទេសចូលរួម ស្មើនឹងអត្តពលិកចំនួនជិត៣០០នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធ។

ថ្នាក់ដឹកនាំសហព័ន្ធថ្លែងបែបនេះក្នុងឱកាសនៃសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់កីឡាករ កីឡាការិនី ក៏ដូចជាទទួលបានការឧបត្ថម្ភឯកសណ្ឋានពីក្រុមហ៊ុន NT។

ក្នុងពិធីដ៏សំខាន់នេះដែរ ឯកឧត្ដម អ៊ូ រតនា បានផ្ដាំផ្ញើអត្តពលិកខ្លួន ឱ្យប្រកួតប្រកបដោយ Fair Play មិត្តភាព និងសាមគ្គីភាព ជាពិសេសប្រឹងប្រែងដណ្ដើមមេដាយជូនជាតិមាតុភូមិ។ ក្នុងនោះ កីឡាករ កីឡាការិនី ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ដោយគោរពទៅតាមការសម្រេចរបស់ចៅក្រមអាជ្ញាកណ្ដាល ដោយមិនត្រូវដើរតួជាអ្នកប្រកួតផង និងជាអ្នកកាត់សេចក្ដីដោយខ្លួនឯងផងបានទេ។ ទន្ទឹមនឹងនេះ ក្នុងនាមជាអត្តពលិកខ្មែរ អត្តពលិកទាំងអស់ត្រូវជួយផ្សព្វផ្សាយទេសចរណ៍ជាតិដល់អត្តពលិកមកពីបណ្ដាប្រទេសឯទៀតដែលបានចូលរួម ក៏ដូចជាភាពរួសរាយ រាក់ទាក់ ប្រកបដោយភាពទន់ភ្លន់ និងជាគំរូទាំងការប្រកួត និងការរក្សាអនាម័យ។

ដើម្បីតបស្នងដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យបានធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញាចិត្តដណ្ដើមមេដាយជូនជាតិមាតុឱ្យបាន៕