តិចនិចត្រៀមរត់ក្នុងអាកាសធាតុក្តៅដើម្បីចៀសវាងការអស់កម្លាំងខ្លាំង

1 នាទីអាន

មុននឹងរីករាយជាមួយការប្រណាំង អ្នករត់ប្រណាំងគួរតែត្រៀមខ្លួនទាំងផ្នែកស្មារតី និងរាងកាយ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅ។

សីតុណ្ហភាពខ្ពស់មិនត្រឹមតែបណ្តាលឱ្យបាត់បង់ទឹកក្នុងរាងកាយយ៉ាងលឿនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យចង្វាក់បេះដូងលោតញាប់ អស់ថាមពល និងប៉ះពាល់យ៉ាងខ្លាំងដល់ល្បឿននៃការរត់ផងដែរ។
សម្រាប់អ្នករត់ថ្មីថ្មោង ការរៀបចំខ្លួនឱ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុត ដើម្បីធានាថាអ្នកអាចត់ដល់ទីបញ្ចប់ដោយសុវត្ថិភាព និងទទួលបានបទពិសោធល្អៗ។

ទាំងនេះគឺជាគន្លឹះសំខាន់ៗពាក់ព័ន្ធនឹងសំលៀកបំពាក់ អាហារូបត្ថម្ភ យុទ្ធសាស្ត្រល្បឿន និងស្មារតី

ដើម្បីជួយឱ្យអ្នកកាន់តែរួចរាល់ក្នុងការប្រកួតក្រោមអាកាសធាតុក្តៅ៖

ធ្វើឱ្យរាងកាយសាំនឹងអាកាសធាតុ៖ រាងកាយត្រូវការពេលប្រហែល ៧-១០ថ្ងៃ ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសក្តៅ និងមានសំណើម។ ប្រសិនបើអ្នករស់នៅកន្លែងត្រជាក់ សូមសាកល្បងហាត់ប្រណាំងនៅពេលថ្ងៃត្រង់ ពាក់អាវក្រៅស្តើងៗ ឬចូលបន្ទប់ចំហាយទឹក (Sauna)។ លោកគ្រូបង្វឹក Greg McMillan បានណែនាំថា ការហ្វឹកហាត់ឱ្យប្រព័ន្ធរាងកាយសាំនឹងភាពក្តៅមុនពេលប្រកួត នឹងជួយការពារអ្នកពីការភ្ញាក់ផ្អើលកម្ដៅ (Heat Shock)។

សំលៀកបំពាក់ ៖ គួរជ្រើសរើសសំលៀកបំពាក់ធ្វើពី polyester ឬ spandex ដែលមានលក្ខណៈខ្យល់ចេញចូលបានល្អ ស្រាល និងឆាប់ស្ងួត។ វែនតាការពារកម្ដៅថ្ងៃ UV400 មួកប៉ាក់ និងក្រែមការពារកម្ដៅថ្ងៃ (SPF 30 ឬខ្ពស់ជាងនេះ) គឺជាសម្ភារៈដែលមិនអាចខ្វះបាន។

ការផឹកទឹកច្រើន មិនប្រាកដថាមានប្រសិទ្ធភាពជានិច្ចទេ ៖ កម្ដៅខ្លាំងធ្វើឱ្យបាត់បង់ជាតិទឹកលឿន ប៉ុន្តែការផឹកទឹកក្នុងបរិមាណច្រើនលើសលុបមិនមែនជារឿងល្អគ្រប់ពេលនោះទេ។ យោងតាមវិទ្យាស្ថានវេជ្ជសាស្ត្រកីឡាអាមេរិក (ACSM) អ្នកគួរតែចាប់ផ្តើមបន្ថែមទឹកឱ្យរាងកាយ ៣-៤ថ្ងៃ មុនពេលប្រកួត ដោយគ្រាន់តែផឹកទឹកក្នុងបរិមាណតិចៗជាប្រចាំពេញមួយថ្ងៃ។ ទឹកដូង គឺជាជម្រើសដ៏ល្អសម្រាប់ការរក្សាតុល្យភាពជាតិអំបិលរ៉ែក្នុងខ្លួន។ លើសពីនេះ ទឹកនោមពណ៌លឿងខ្ចី គឺជាសញ្ញាបញ្ជាក់ថាអ្នកមានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។

អាហារូបត្ថម្ភ និងស្ថានភាពរាងកាយ៖ គួរចៀសវាងការញ៉ាំអាហារប្លែកៗ ការគេងមិនបានគ្រប់គ្រាន់ ឬការហាត់ប្រណាំងខ្លាំងពេកមុនថ្ងៃប្រកួតបន្តិច។ កត្តាតូចតាចទាំងនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ហត់ ចង់ក្អួត ឬវិលមុខ នៅពេលត្រូវប្រឈមនឹងអាកាសធាតុក្តៅ។

បត់បែនល្បឿនរត់តាមស្ថានភាព៖ យោងតាមទស្សនាវដ្តី Runner’s World ការកាត់បន្ថយល្បឿនពី ២០-៦០វិនាទីក្នុងមួយគីឡូម៉ែត្រ នៅពេលរត់ក្រោមអាកាសធាតុក្តៅ គឺជារឿងធម្មតាបំផុត។ សម្រាប់អ្នកចាប់ផ្តើមដំបូង ការរក្សាល្បឿនថេរ គឺប្រសើរជាងការខំប្រឹងបំបែកកំណត់ត្រា ដែលជាវិធីសាស្ត្រមានសុវត្ថិភាពជាង។ ចូរស្តាប់សញ្ញារាងកាយរបស់អ្នក ហើយសម្រេចចិត្តបង្កើនល្បឿននៅចុងបញ្ចប់នៃការប្រកួត ប្រសិនបើអ្នកនៅសល់ថាមពល។

សម្រួលរាងកាយមុនពេលចេញដំណើរ៖ ការកម្ដៅសាច់ដុំ (Warm-up) នៅខាងក្រៅយូរពេក អាចធ្វើឱ្យអ្នកបាត់បង់ជាតិទឹកមុនពេលការប្រកួតចាប់ផ្តើមទៅទៀត។ ប្រើកន្សែងត្រជាក់ និងការទទួលទានទឹកបន្តិចបន្តួច នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនបានល្អជាងមុនពេលចូលរួមប្រកួត។