ក្លិបបាល់ទាត់បឹងកេតនៅល្ងាចថ្ងៃចន្ទ ទី៣១ ខែសីហា បានប្រកាសពីការចូលរួមរបស់ខ្សែប្រយុទ្ធ Dzarma Bata លើកិច្ចសន្យាខ្ចីដល់ដាច់រដូវកាល២០២០ពីក្រុមគូប្រជែងអង្គរថាយហ្គឺរ។
កីឡាករជនជាតិនីហ្សេរីយ៉ាខាងលើនឹងជំនួសកូតាបរទេសរបស់ខ្សែប្រយុទ្ធប្រេស៊ីល Franc Santana Paiva ដែលបានចាកចេញពីក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០១៩ កាលពីចុងសប្ដាហ៍មុន។
គួររំឭកថា Dzarma Bata បានឈានជើងមកដល់ក្របខណ្ឌកំពូលកម្ពុជា កាលជុំទីពីរ ឆ្នាំ២០១៤ និងក្រសោបបានស្បែកជើងមាសនៅព្រះខ័នរាជស្វាយរៀង នាឆ្នាំដដែលនោះ។ គេបានរួមរស់ជាមួយជើងឯក MCL ពីរសម័យដល់ខែធ្នូ ២០១៥ ជាពេលរូបគេចូលរួមជាមួយបឹងកេត និងរួមចំណែកឈ្នះលីគកំពូលនៅឆ្នាំ២០១៦។
ចាប់ពីពេលនោះ Bata ធ្លាប់លេងឲ្យ Cambodian Tiger, អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ, ក្រសួងការពារជាតិ និងភ្នំពេញក្រោន៕