ធ្លាប់របួសជើង៣ដង តែបានកម្លាំងចិត្តពីអ្នកទាំងនេះធ្វើឱ្យ កីឡាករ ឆេង ចន្ថា វិវត្តខ្លួនបោះជំហានឈានចូលក្លិបគីឡូជើងឯកមួយនៅកម្ពុជា

sok sovanpanha
8 មើល
0 នាទីអាន

កីឡាករចំណូលថ្មីក្លិបបាល់ទាត់បឹងកេតអ្នកចាំទី ឆេង ចន្ថា ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports បានលើកឡើងពីដើមទងមុនក្លាយខ្លួនជាអ្នកចាំទីដូចសព្វថ្ងៃគឺបានឆ្លងកាត់ឧបសគ្គជាច្រើនមិនខុសអ្វីពីក្មេងៗកម្ពុជាជាច្រើននាក់ទៀតដែលស្រឡាញ់វិស័យកីឡាបាល់ទាត់នេះ។ ដោយអ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះបន្តថាឧបសគ្គធំទីមួយនោះគឺការមិនទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារ និងបញ្ហាការរងរបួសពីប្រភេទកីឡាដែលខ្លួនស្រឡាញ់មួយនេះ។

អ្នកចាំទីមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញបន្ថែមថាក្នុងអាជីពជាអ្នកចាំទីនេះរូបគេធ្លាប់រងរបួសជង្គង់ធ្ងន់ៗចំនួន៣លើកមកហើយទម្រាំមានឱកាសអាចឈានមកដល់ក្លិបបឹងកេតដូចពេលនេះ។ ដោយគេសង្កត់ធ្ងន់ថាការបានកម្លាំងចិត្តពីក្រុមគ្រួសារផ្ទាល់ដែលធ្លាប់តែហាមឃាត់ខ្លួននេះហើយ ដែលជំរុញចិត្តខ្លួនពុះពារ ខិតខំហ្វឹកហាត់ ជំនះរាល់ការឈឺចាប់ទាំងឡាយនោះ។

ទន្ទឹមគ្នាដែរ អតីតយុវជនព្រះខ័នរាជរូបនេះក៏បានលើកឡើងពីរឿងរ៉ាវនៃការស្រឡាញ់ចូលចិត្តតំណែងជាអ្នកចាំទីរបស់ខ្លួន ក៏ដូចជាការហ្វឹកហាត់ទម្រាំវិវត្តខ្លួនជាអ្នកចាំទីដល់ពេលបច្ចុប្បន្ន។

គួររំឮកថា កីឡាករ ឆេង ចន្ថា ផ្តើមលេងបាល់ទាត់ដំបូងៗជាមួយក្រុមអង្គការតស៊ូពុះពាររហូតបានជាប់ក្នុងក្រុមយុវជនរបស់ព្រះខ័នរាជស្វាយរៀង និងបន្តជាកីឡាសំខាន់មួយរូបក្នុងក្រុមអាយ អេស អាយ តាំងតែពីឆ្នាំ ២០១៩ ដល់ ២០២៥៕