កីឡាការិនីវាយសីជើងខ្លាំងថៃ Ratchanok Intanon ដាក់គោលដៅឡើងយ៉ាងហោចឱ្យដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ All England Open នៅទីក្រុងបឺមីងហាម ប្រទេសអង់គ្លេស ដែលបានចាប់ផ្ដើមកាលថ្ងៃពុធទី១៧ខែមីនាឆ្នាំ២០២១។
Ratchanok មានលំដាប់ទី៤ក្នុងចំណោមបេក្ខភាពប្រកួតប្រជែងវិញ្ញាសាវាយទោលនារី និងជាក្ដីសង្ឃឹមធំជាងគេសម្រាប់ថៃ ខណៈដៃគូចម្រុះបុរស-នារី Dechapol Puavaranukroh និង Sapsiree Taerattanachai ដែលកំពុងឡើងទឹកដៃ មិនបានចូលរួមប្រកួត។
កីឡាការិនីវ័យ២៦ឆ្នាំរូបនេះបានចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ២ដងក្នុងពាន All England Open។ ក្នុងការប្រកួតនៅបាងកកខែមករាឆ្នាំនេះ នាងមិនទទួលបានលទ្ធផលល្អទេ ប៉ុន្តែទោះយ៉ាងណា នាងប្រាថ្នាឡើងឱ្យដល់យ៉ាងហោចវគ្គ៤នាក់ចុងក្រោយនៅ All England Open ឆ្នាំនេះ។
ម្សិលមិញ Ratchanok បានប្រកួតឈ្នះកីឡាការិនីអេស្តូនីលំដាប់ទី៥៥ពិភពលោក Kristin Kuuba ២១-១៤ និង ២១-១៦ ហើយឡើងទៅប៉ះកីឡាការិនីអាមេរិក Iris Wang ក្នុងវគ្គជុំទី២។
កីឡាការិនីជើងខ្លាំងវាយសីថៃម្នាក់ទៀត Pornpawee Chochuwong ដែលមានលំដាប់ទី៦ក្នុងកម្មវិធី បានឈ្នះកីឡាការិនីអ៊ីស្រាអែលលេខ៦០ពិភពលោក Ksenia Polikarpova ២១-១០ និង២១-៩ ហើយឡើងជួបមិត្តរួមជាតិ Phittayaporn Chaiwan ដែលបានទម្លាក់កីឡាការិនីបែលហ្ស៊ិក Lianne Tan ២១-៩ និង ២១-១៥។
Supanida Katethong និង Busanan Ongbamrungphan ក៏ឆ្លងទៅជុំទី២ផងដែរ។
ដោយឡែក Dechapol និង Sapsiree ដែលបានរងជើងឯកវិញ្ញាសាវាយគូបុរស-នារីនៅបឺមីងហាមឆ្នាំមុន បានឈ្នះពាន៣ក្នុងការប្រកួតនៅបាងកកក្នុងខែមករា។ ប៉ុន្តែពួកគេមិនទៅប្រកួតនៅអង់គ្លេសឆ្នាំនេះដោយសារពួកគេចង់ផ្ដោតលើការប្រកួតណាដែលមានពិន្ទុសម្រាប់ប្រជែងកៅអីទៅអូឡាំពិកនៅតូក្យូ។
ប៉ុន្តែដៃគូបុរស Nipitphong Phuangphuapet និង Tanupat Viriyangkura បានឆ្លងផុតវគ្គទី១ ក្រោយឈ្នះដៃគូជម្រើសជាតិហុល្លង់ ហើយឡើងទៅជួបក្រុមបុរសរបស់នីហ្សេរីយ៉ា៕