ថ្វីបើខ្សែប្រយុទ្ធ Robert Lewandowski រកបាន៤១គ្រាប់សម្រាប់ជើងឯក Bayern Munich និងឈ្នះស្បែកជើងមាស ប៉ុន្តែពានរង្វាន់កីឡាករល្អជាងគេប្រចាំ Bundesliga រដូវកាល២០២០-២១ បានលើខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ Borussia Dortmund។
Lewandowski បានបំបែកកំណត់ត្រាគ្រាប់បាល់ក្នុងមួយរដូវកាលរបស់លោក Gerd Muller ដែលរកបាន៤០គ្រាប់ក្នុងមួយរដូវកាលក្នុងលីគកំពូលអាល្លឺម៉ង់។ ឯតទគ្គកម្មរបស់ Legend អាល្លឺម៉ង់រូបនេះបានឈរជើងយ៉ាងរឹងមាំតាំងពីរដូវកាល១៩៧១-៧២មក។ ប៉ុន្តែក្នុងរដូវកាល២០២០-២១ ខ្សែប្រយុទ្ធឆ្នើមប៉ូឡូញវ័យ៣២ឆ្នាំ រកបាន៤១គ្រាប់ពីការចូលលេង២៩លើកសម្រាប់ Bayern។
ចំណែក ខ្សែប្រយុទ្ធវ័យក្មេងន័រវេស Haaland វិញរកបាន២៧គ្រាប់ពីការចូលលេង២៨ដងសម្រាប់ Dortmund ក្នុងលីគ។ ទោះបែបនេះក្ដី គេត្រូវបានជ្រើសរើសជាម្ចាស់ពាន Bundesliga Player of the Season។
Haaland និយាយថាវាជាកិត្តិយសក្នុងការឈ្នះពាននេះ។ តែការសម្រេចបានសមិទ្ធផលមួយនេះមិនមែនសម្រាប់គេម្នាក់ឯងឡើយ គឺសម្រាប់គ្រួសារ Dortmund ទាំងមូល។
សូមរំឭកថា ពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនេះ រដូវកាលមុន Lewandowski ជាអ្នកឈ្នះ៕