សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបើកការប្រកួតកីឡាអុកចត្រង្គជើងឯកអាស៊ីអាគ្នេយ៍ ( SEA OUK CHAKTRANG CHAMPIONSHIP ) ឆ្នាំ២០២៣ ដើម្បីជាពិសោធន៍ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សេង ប៊ុនសុង តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ព្រមទាំងប្រតិភូប្រទេសចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលមានប្រតិភូ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ ។ ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ឯកឧត្តម គុជ គីមឡុង បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួត ដ្បិតនេះជាលើកដំបូងហើយ សហព័ន្ធ ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំព្រឹត្តិការណ៍នេះឡើង ។