មួយរយៈពេលចុងក្រោយនេះ កីឡាករគុនខ្មែររាសីឡើងខ្ពស់ ពេជ្រ សម្បត្តិ កំពុងកាន់កាប់កំណត់ត្រាឈ្នះជាហូរហែលក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ពិសេសក្នុងការប្រកួតធំៗ ដាក់ខ្សែក្រវាត់អីកីឡាកររហ័សនាម ក្របីព្រៃ រូបនេះមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ។
យ៉ាងណាមិញសម្រាប់កីឡាករក្លិបសមាគមក្រសួងការពារជាតិ ធន់ វណ្ណា លើកឡើងថាខ្លួនចង់សាកល្បងជាមួយក្របីព្រៃដែរ បើមានការរៀបចំ ដោយជឿជាក់ថារូបគេ មានសមត្ថភាពគ្រាន់គ្រាន់ភ្លក់រសជាតិនៃជំនួបតទល់កីឡាករដែលកំពុងឡើងកូដ ពេជ្រ សម្បត្តិ។ យ៉ាងណាក្ដី អ្នកប្រយុទ្ធមានប្រភពពីខេត្តក្រចេះរូបនេះ ក៏សារភាពថាខ្លួនជាកីឡាករកម្រិតទាបជាង ពេជ្រ សម្បត្តិ តែរូបគេត្រៀមខ្លួនជាស្រេចបើមានជំនួបនោះកើតឡើងពិតមែន គឺគេច្បាស់១០០ភាគរយ និងទទួលការប្រកួត ហើយបើមានការដណ្តើមខ្សែក្រវាត់ ឬពានរង្វាន់ធំអ្វីមួយនោះកាន់តែប្រសើរ។
“ចិត្តខ្ញុំចង់វ៉ៃបង ឱ្យតែមានការប្រកួតពេលណាក៏បាន លក្ខណៈអ្វីក៏បាន”។ “សម្រាប់សំណូមពរខ្ញុំមិនហ៊ានទេ ព្រោះខ្ញុំនៅកម្រិតទាបជាងគេ តែបើករណីមានគេចាប់គូឱ្យវ៉ៃមែនខ្ញុំនឹងទទួលការប្រកួតនោះ”។
កន្លងមកគ្រូបង្វឹកផ្ទាល់របស់ ធន់ វណ្ណា លោកគ្រូបង្វឹកឆ្នើម ធន់ សុភា ធ្លាប់ចុចឈ្មោះ វណ្ណា ចំៗថាជាជើងខ្លាំងរលកថ្មីដែលសាកសមអាចវ៉ៃជាមួយ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់។ លោកមើលឃើញថា ធន់ វណ្ណា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការតទល់ ពេជ្រសម្បត្តិ ដោយលោកផ្អែកលើកត្តា ធន់ តាន់ និងប្រកួតមិនសូវចាញ់ដូចគ្នា៕