Skip to content
    ទំព័រដើម  »  កីឡាជាតិ

សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាត់មូលដ្ឋានគ្រឹះហែលទឹកដល់កុមារនៅខេត្តព្រះសីហនុ

សហព័ន្ធខ្មែរកីឡាហែលទឹកបានសហការជាមួយអង្គការ Help Code បង្ហាត់បង្រៀនការហែលទឹកដល់កុមារ ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាបុនបូស្កូ ខេត្តព្រះសីហនុ។

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកមានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលការបង្ហាត់បង្រៀនហែលទឹកនេះត្រូវបានរៀបចំឡើងដល់កុមារនៅខេត្តព្រះសីហនុ ដែលមួយលើកៗមានចំនួន៤០នាក់ សរុបមកទល់ពេលនេះ គឺ១២០នាក់។

ថ្នាក់ដឹកនាំខាងលើសង្កត់ធ្ងន់ថា ការបង្ហាត់បង្រៀននេះគឺចង់ឱ្យកុមារចេះការពារខ្លួនពីការគ្រោះថ្នាក់ក្នុងទឹក។

លោក ហែម គិរី បញ្ជាក់បែបនេះ “៖ យើងបង្ហាត់បង្រៀនគាត់ឱ្យចេះសង្គ្រោះខ្លួនឯង ពីរបៀបហែល ពីមូលដ្ឋានគ្រឹះ ចេះបណ្ដែតខ្លួន ចេះធ្វើចលនាក្នុងទឹក។ យើងចង់ឱ្យកុមារា កុមារីកម្ពុជាចេះហែលទឹក កុំឱ្យលង់។

លោក ហែម គិរី បន្តថា ក្រៅពីខេត្តព្រះសីហនុ ការបង្ហាត់បង្រៀននេះគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក៏នឹងអាចទៅកាន់ខេត្តផ្សេងៗទៀតដែរ៕