កន្លងមក Town ធ្លាប់បង្កើតសង្វៀនច្រើនប្រភេទមកហើយ ក្នុងនោះមានដូចជាសង្វៀនយន្តប្រាំបីទិស សង្វៀន Kick Boxing សង្វៀន Mas Fight ១ទឹកប្រាំបួននាទី ការប្រកួត ១ទល់នឹង ៣នាក់ក៏ធ្លាប់មានអស់ហើយ ខណៈយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ Town ត្រៀមបើកទំព័រថ្មីជាមួយសង្វៀនមូលមួយទៀត ។
ឯកឧត្តម ហាក់ សុខហេង ថ្នាក់ដឹកនាំសង្វៀន Town បានពន្យល់លម្អិតអំពីសង្វៀនមូលថ្មីនេះថា គឺជាបទពិសោធថ្មី ដើម្បីពង្រឹងសមត្ថភាពកីឡាករខ្មែរ ពិសេសការនាំយកទម្រង់នៃការប្រកួតថ្មីសម្រាប់ឱ្យកីឡាករខ្មែរអាចសម្របបានគ្រប់ទម្រង់នៃការប្រកួតទាំងអស់។ លើសពីនេះសឹងតែគ្រប់ប្រកួតទាំងអស់ត្រូវប្រកួតគ្នាជាមួយនិងអំបោះឆៅ លើកលែងតែគូព្រំ សំណាង ទេដែលប្រកួតគ្នាជាមួយហ្គង់តូចចេញម្រាម។
សម្រាប់សង្វៀនមូលថ្មីស្រឡាងរបស់ Town នេះបើកឆាកឡើងជាមួយនឹងគូពិសេសៗជាច្រើនគូ ក្នុងនោះកីឡាករជើងខ្លាំងរបស់កម្ពុជានឹងត្រូវតទល់នឹងជើងខ្លាំងបរទេសជាច្រើនជាតិសាសន៍ ដូចជា ព្រំ សំណាង ត្រូវប៉ះជើងខ្លាំងរបស់ភូមា, ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករថៃ, ភក្តី គុនខ្មែរ ប្រកួតនឹងជនជាតិរុស្សី, ពេជ្រ ប៊ុនសិទ្ធិ តតាំងនឹងកីឡាករហ្វីលីភីន និងស៊ន រ៉ាគីម ក្នុងការលេងអំបោះឆៅលើកដំបូងប៉ះនឹងកីឡាករ ឥណ្ឌូនេស៊ី៕