យុវជន សាកាគីបារ៉ា រីនតារ៉ូ មានឪពុកជាជនជាតិជប៉ុន និងម្តាយសញ្ជាតិខ្មែរកំពុងរស់នៅក្នុងខេត្តសៀមរាប។ គេចង់ចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីជាចំណែកជួយក្រុមកម្ពុជាឱ្យមានភាពប្រសើរជាងនេះ។ ឥឡូវនេះអ្វីៗបានតាមបំណងរបស់គេ ក្រោយពីសហព័ន្ធបាល់ទាត់ជាតិកម្ពុជាបានចេញបញ្ជឺឈ្មោះយុវជនអាយុក្រោម១៦ឆ្នាំ ២៣ នាក់ចុងក្រោយទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ីក៏មានវត្តមានរបស់កីឡាករកូនកាត់ខ្មែរជប៉ុននេះផងដែរ។
សមាជិកក្រុមយុវជនថ្នាលនៃក្លឹបអង្គរថាយហ្គឺរខាងលើបានមើលឃើញអំពីភាពកម្សោយរបស់ក្រុមជម្រើសជាតិកម្ពុជាពេលកន្លងនោះ ក្នុងតំបន់ខាងលើពាក់ព័ន្ធនិងបញ្ហាការបញ្ចប់ទីរបស់កីឡាករកម្ពុជាមិនងាយរកគ្រាប់បាល់សុតបញ្ជូលទីគូប្រកួត។ យុវជនវ័យ ១៦ឆ្នាំដដែលបន្តថា រូបគេនិងព្យាយាមហ្វឹកហាត់បញ្ចប់ទីឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយសន្យាថានិងរកគ្រាប់បាល់ឱ្យបានច្រើនជូនក្រុមជម្រើសជាតិក្នុងពានរង្វាន់ ASEAN U16 Boys’ Championship 2024 ក្នុងខែមិថុនាខាងមុខនេះ។
ជាមួយគ្នាដែរ រីនតារ៉ូ ក៏បានរំឭកពីឈ្មោះខ្សែប្រយុទ្ធរៀមច្បងម្នាក់ដែលស្ថិតក្នុងក្លឹបរួមគ្នា កីឡាករ សុវណ្ណដូ ណា ដែលជួយផ្តល់ដំបូន្មានល្អៗ ចំពោះបច្ចេកទេសក្នុងការលេងតំណែងជាខ្សែប្រយុទ្ធនេះ។
សូមរំឭកថា ពានរង្វាន់ ASEAN U16 Boys’ Championship 2024 នឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ សម្រាប់បញ្ជឺឈ្មោះ ២៣នាក់ចុងក្រោយនេះគ្រូបង្គោល Koji Gyotoku បានធ្វើការតេស្តយ៉ាងសម្រិតសម្រាំង ដែលធ្វើការជម្រុះជា ៣ដំណាក់កាលដែលមានយុវជនចំនួន៦០នាក់ដែលមកពី១០ក្លឹប-សមាគម ផ្សេងៗគ្នា៕