

នេះជាប្រសាសន៍របស់ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
ថ្នាក់ដឹកនាំដដែលបន្ថែមថា “៖ «ដើម្បីឲ្យប្អូនៗក្មួយៗទាំងអស់ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ឆ្ពោះទៅរកជយាលភីនៃការប្រកួតកីឡាការ៉ាតេលើឆាកអន្ដរជាតិ សូមប្អូនៗក្មួយៗខិតខំប្រឹងប្រែង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ទាំងសមត្ថភាពផ្លូវកាយ ស្មារតី និងការអត់ធ្មត់របស់ប្អូនៗក្មួយៗ ហើយរាល់ពេលចូលរួមប្រកួត ធ្វើយ៉ាងណាឲ្យបច្ចេកទេសមានការកើនឡើង ធ្វើឲ្យស្មារតីរឹងមាំ និងបទពិសោធន៍នៃការចូលរួមកាន់មានលំនឹងល្អ ដើម្បីស្វែងរកនូវចំណេះជំនាញបន្ថែមទៀត» ។
គួរដឹងដែរថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២៤។ ការប្រកួតនេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩២នាក់ មកពី ២៦សមាគម/ក្លិបទូទាំងប្រទេស៕

