យុវជន ឯម សុភារ៉ា អ្នកចាំទីក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព បានរៀបរាប់ផលវិជ្ជមានខ្លះៗជុំវិញតំណែងដែលខ្លួនកំពុងលេងថា ពេលអ្នកចាំទីមានកាយសម្បទាអំណោយផលបែបនេះពិតជាផ្នែកមួយចាំបាច់ខ្លាំងសម្រាប់ការលេងក្នុងតួនាទីមួយនេះ។ យុវជនវ័យ១៨ឆ្នាំបន្ថែមទៀតថាអ្នកចាំទីមានកម្ពស់ខ្ពស់អាចសង្គ្រោះបាល់គ្រោះថ្នាក់ៗបានងាយស្រួល ពិសេសឱកាសបាល់ទាត់ទីរបស់គូប្រជែងដល់ជ្រុងពិបាកៗសង្រ្គោះ។
កូនអ្នកក្រុងតាខ្មៅខាងលើក៏បន្តថាបាល់ទាត់ជាកីឡាលេងជាក្រុម ដូច្នេះសម្រាប់សមាជិកក្រុមទាំងមូលពិតជាមានទំនុកចិត្តខ្ពស់ពេលអ្នកចាំទីមានកម្ពស់ខ្ពស់ល្អបែបនេះ។ លើសពីនេះម្ចាស់អាវលេង ២៤ ប្រចាំក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព ក៏បានថាពេលបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យនេះទៅ រូបគេក៏នឹងពិចារណាថាចាប់បាល់ទាត់ជាអាជីពផងដែរ។
ឯម សុភារ៉ា មុនបានក្លាយខ្លួនជាអ្នកចាំទីប្រចាំក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព រូបគេក៏ធ្លាប់ទទួលឱកាសទៅហ្វឹកហាត់ជាមួយក្រុមយុវជនរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានមួយរយៈផងដែរ៕