លោកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការថ្មីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះថ្លែងនាពិធីបិទការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លោកស្រីក៏ដូចជាសហព័ន្ធទាំងមូលពិតជាមានការសប្បាយចិត្ត និងសាទរជាខ្លាំងក្រោយឃើញពីសមត្ថភាពក្រុមអត្តពលិកកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់បែបនេះ។ ក្រោយបញ្ចប់ការប្រកួតនេះសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនឹងបញ្ជូនក្រុមកីឡាករ-កីឡាការិនីកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ Princess’s Cup 2024 ហើយសហព័ន្ធពិតជាមានជំនឿចិត្តខ្ពស់សម្រាប់ឱកាសចេញទៅប្រកួតលើកនេះ។
តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងការប្រកួតនានាដែលសហព័ន្ធនិងភាគីដៃគូបានរៀបចំកន្លងមក អគ្គលេខាធិការដដែលដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងថាក្រុមកីឡាករកម្ពុជានឹងធ្វើល្អសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខនេះ។ ពិសេសបូកផ្សំនឹងក្រុមកីឡាករ-កីឡាការិនីរបស់កម្ពុជាមានបទពិសោធប្រកួតច្រើនលើឆាកអន្តរជាតិកន្លងមក ការហ្វឹកហាត់ជាមួយគ្រូគ្រូជំនាញៗមកពីបរទេស និងការមាននៅទីលានលក្ខណៈស្តង់ដាថ្មីទៀតនោះ។
សូមបញ្ជាក់ថា ការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ មាន៣វិញ្ញាសារួមមាន ១២០ សង់ទីម៉ែត្រ,១០០ សង់ទីម៉ែត្រ, ៩០ សង់ទីម៉ែត្រ, និង៨០ សង់ទីម៉ែត្រ ក្រៅតែពីនេះក៏មាននៅការប្រកួតវិញ្ញាសា Gymkhana កម្រិតទី១ និងទី២ផងដែរក្នុងបរិវេណ ជីននីសរីសត៕