Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប៉ុន្មានគន្លឹះជួយ កែវ សុចិត្រា កាន់កាប់តំណែងអ្នករកគ្រាប់ស៊ុតបញ្ចូលទីច្រើនក្នុងពានហ្វូតសាលភ្នំពេញ

កីឡាករ កែវ សុចិត្រា សមាជិកក្នុងក្រុមបាល់ទាត់ក្នុងសាល Lucky FC ក្រោយជួយក្រុមទទួលបានជោគជ័យយ៉ាងលើសលប់លើក្រុម Ov Mal FC ក្នុងលទ្ធផល ១០ទល់នឹង ០ គិតត្រឹមសម្រាប់ប្រកួតទី២ នៃសប្តាហ៍ទី២ របស់ក្រុមដែលបានលេងក្នុងពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ រូបគេអាចរកគ្រាប់បាល់ម្នាក់ឯងបាន១១គ្រាប់មកហើយ។ ថ្លែងមកក្រុមការងារ AMS Sports សុចិត្រាបាននិយាយអំពីកត្តាដែលធ្វើឱ្យគេអាចមានលទ្ធភាពរកគ្រាប់បាល់បញ្ចូលទីញឹកញាប់មានជាអាថ៌ ការល្វាសល្វៃរកទីតាំង ការមានទំនុកចិត្តលើខ្លួនឯង ភាពសហការពីមិត្តរួមក្រុម និងការអង្កេតលើអ្នកចាំទីនៃគូបដិបក្ខ។

កូនអ្នកភ្នំពេញខាងលើបន្ថែមទៀតថាចំពោះបញ្ហាការបញ្ចប់ទីដែលទទួលបានផលខ្ពស់ មិនអាចមាននរណា ឬគ្រូបង្វឹកណាអាចបង្រៀនឱ្យជាក់លាក់បានទេ។ ដោយ ចិត្រា សង្កត់ធ្ងន់ថាទាមទារឱ្យសាម៉ីខ្លួនត្រូវបង្កើនការហ្វឹកហាត់ផ្ទាល់ខ្លួនច្រើន និងបន្ថែមការស្វ័យសិក្សានានាពីបច្ចេកទេសពីបរទេសបន្ថែមទៀត។

លើសពីនេះ ម្ចាស់អាវលេខ២១ដដែលក៏បានបង្ហើបពីក្រុមមួយចំនួនដែលអាចជាឧបសគ្គសម្រាប់ Luckly ក្នុងការប្រជែងពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញលើកទី១ ឆ្នាំ២០២៤ ផងដែរ។ កែវ សុចិត្រា បន្តថាបើអាចខ្លួនក៏នឹងខិតខំបន្ថែមគ្រាប់បាល់របស់ខ្លួនទៀត ដើម្បីឆ្ពោះទៅក្រសាបពានរង្វាន់ស្បែកជើងមាសផងដែរ។

កែវ សុចិត្រា ចាប់ផ្តើមលេងបាល់ទាត់ក្នុងសាលនេះដំបូងអំឡុងឆ្នាំ២០១៩ សម្រាប់ក្រុមដែលគាត់លេងទីមួយនោះគឺក្រុម DOWNTOWN Sport ហើយបច្ចុប្បន្នរូបគេក៏ជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលរបស់កម្ពុជាផងដែរ៕