Skip to content
    ទំព័រដើម  »  កីឡាជាតិ

កែវ ជាតួ សាទរពេលឃើញបាល់ទាត់ក្នុងសាលបច្ចុប្បន្នទាក់ទាញយុវជនចូលរួមច្រើន

សមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា និងក្រុម Lucky FC កីឡាករ កែវ ជាតួ បានបង្ហាញការពេញចិត្តជាខ្លាំងពេលដែលឃើញយុវជនកម្ពុជាក្នុងពេលបច្ចុប្បន្នចូលរួមយ៉ាងសកម្មជាមួយបាល់ទាត់ក្នុងសាលគួរឱ្យកត់សម្គាល់បែបនេះ។ ម្ចាស់អាវលេខ៨ ដដែលបន្តថាការចូលរួមពីយុវជនទាំងអស់នេះហើយ គឺជាសញ្ញាណវិជ្ជមានមួយក្នុងវិស័យហ្វូតសាលកម្ពុជា ក៏ព្រោះតែយុវជនគឺជាកម្លាំងមួយដ៏សំខាន់ក្នុងការបន្តវេន និងអភិវឌ្ឍបន្តពីកីឡាករចាស់ៗក្នុងពេលបច្ចុប្បន្ន។

កូនអ្នកខេត្តកោះកុងដដែលបន្ថែមទៀតថាថ្វីយុវជនទាំងអស់នោះនៅមានចំណុចជាច្រើនត្រូវកែតម្រូវ និងពង្រឹងច្រើនទៀតក្តី ក៏ជាតួពិតជាលើកទឹកចិត្តនិងជំរុញឱ្យពួកគេបន្តចូលរួមបន្ថែម ដើម្បីសន្សំបទពិសោធទុកជាទុនក្នុងថ្ងៃអនាគត។

កែវ ជាតួ ចាប់ផ្តើមប្រឡូកក្នុងវិស័យហ្វូតសាលនេះតាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ហើយគាត់ក៏ជាតួអង្គសំខាន់មួយសម្រាប់ក្រុមបាល់ទាត់ Lucky FC និងក៏សម្រាប់ក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាលផងដែរ៕