សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាកំពុងរៀបចំផែនការពង្រីកវិសាលភាពដល់គ្រឹះស្ថានអប់រំនានា

0 នាទីអាន

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបាននិងកំពុងរៀបចំផែនការអភិវឌ្ឍធនធានបន្ថែមទៀតតាមរយៈការពង្រីកវិសាលភាពដល់គ្រឹះស្ថានអប់រំនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក សំអុន បូរមី អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា។

អ្នកជំនាញរូបនេះបានថ្លែងក្នុងពិធីបិទកីឡាជឺជីតស៊ូជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ កាលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ចក្ខុវិស័យ ក្នុងបេសកកម្ម និងផែនការអនាគត សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាត្រូវពង្រីកវិសាលភាពនៃការអភិវឌ្ឍស៊ីជម្រៅឱ្យដល់តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដែលផែនការនេះមានការផ្តួចផ្តើម និងសហការជាមួយដៃគូដ៏ពិសេសមួយ។ គោលដៅរបស់សហព័ន្ធមិនត្រឹមតែបេសកកម្មកីឡា ក៏ចង់រួមចំណែកក្នុងការផលិត ជំរុញ អភិវឌ្ឍធនធានមនុស្ស មូលធនមនុស្ស តាមជំនាញវិជ្ជាជីវៈ ពោលគឺរួមចំណែកដើរតួរជារោងចក្រផលិតធនធានមនុស្សសម្រាប់សង្គមកម្ពុជាផងដែរ អ្នកហ្វឹកហាត់ជឺជីតស៊ូមិនត្រឹមតែអាចប្រកួតកីឡាបានល្អ ប៉ុន្តែមានវិន័យ ស្មារតីទទួលខុសត្រូវអាចធ្វើការងារបានជាច្រើនលើសពីវិស័យកីឡាផងដែរ។

លោក សំអុន បូរមី លម្អិតបន្ថែមថា ជំហានដំបូង សហព័ន្ធគ្រោងនឹងបញ្ជូនគ្រូបង្វឹកទៅបង្ហាត់នៅតាមសាលារៀននានាក្នុងរាជធានីភ្នំពេញ បន្តដោយខេត្តសៀមរាប និងខេត្តកណ្ដាល មុននឹងចូលដល់ខេត្តផ្សេងៗទៀត។ បន្ទាប់ពីនេះ សហព័ន្ធក៏នឹងជួយបណ្ដុះបណ្ដាលគ្រូអប់រំកាយពីមូលដ្ឋានគ្រឹះកីឡាជឺជីតស៊ូដើម្បីមានសមត្ថភាពបង្ហាត់ដល់សិស្ស។ គ្រូៗណាធ្វើបានល្អ អាចនឹងទទួលបានការឧបត្ថម្ភជ្រោមជ្រែងពីសហព័ន្ធថែមទៀត។ ទន្ទឹមនឹងនេះ កីឡាករកីឡាការិនីជឺជីតស៊ូជាសិស្សានុសិស្សក៏អាចចូលរួមចែករំលែកក្បាច់គុណដល់មិត្តរួមសាលារបស់ខ្លួនដែរ។

ការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះមានចំនួនកីឡាករ កីឡការិនីកើនឡើងដល់ ២៣០នាក់មកពី១៨ក្លឹប។កាលពីរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២២ ចំនួនក្លឹបមានត្រឹមតែ៧ មានកីឡាករ កីឡាការិនីសរុប ៦៥នាក់ប៉ុណ្ណោះ ហើយនៅឆ្នាំបន្តបន្ទាប់បន្តកើនឡើងនូវចំនួនកីឡាករ កីឡាការិនី និងក្លឹបផងដែរ៕