និស្សិតឆ្នាំទី២ផ្នែកនីតិសាស្ត្រ តារា រាជឧត្ដម ឆ្លៀតហ្វឹកហាត់គុនខ្មែរ និង សកល ដើម្បីសុខភាព

0 នាទីអាន

ថ្វីដ្បិតតែជាកំពុងខិតខំប្រឹងប្រែងលើជំនាញច្បាប់ ប៉ុន្តែនិស្សិតឆ្នាំទី២ផ្នែកនីតិសាស្ត្រ យុវជន តារា រាជឧត្ដម បានចំណាយពេលប្រមាណជិតមួយឆ្នាំមកហើយ ក្នុងការចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ នៅក្លិប «មីស្ទ័រលី» ក្នុងខេត្តសៀមរាប ដើម្បីពង្រឹងសុខភាព និងកាយសម្បទាឱ្យរឹងមាំ ដោយថែមទាំងមានបំណងឡើងប្រកួត ប្រសិនបើមានឱកាសរៀបចំសមស្រប។

ក្ដីស្រឡាញ់ចំពោះវិស័យគុនខ្មែរនេះ មិនមែនជាថ្មីសន្លាងសម្រាប់រូបគេនោះឡើយ។ រាជឧត្ដម បានរំឭកថា រូបគេធ្លាប់បានហ្វឹកហាត់ជាមួយជីតា និងធ្លាប់ឡើងប្រកួតតាមសង្វៀនវត្តអារាមតាំងពីវ័យកុមារភាពមកម៉្លេះ។ ដោយសារតែបេះដូងនៅតែស្រឡាញ់ និងផ្សារភ្ជាប់ជាមួយក្បាច់គុនបុរាណ ទើបធ្វើឱ្យរូបគេសម្រេចចិត្តវិលត្រឡប់មកកាន់សង្វៀនហ្វឹកហាត់ជាថ្មីម្ដងទៀត។

កាន់តែពិសេសជាងនេះទៅទៀត បន្ថែមពីលើក្បាច់គុនខ្មែរ យុវជនរូបនេះក៏បានពង្រីកសមត្ថភាពលើ «ប្រដាល់សកល» ផងដែរ បន្ទាប់ពីទទួលបានឱកាសផ្គូផ្គងឱ្យឡើងប្រកួតជាមួយកីឡាករ ខឿន សីហា ក្នុងកម្មវិធី Dragon the Golden Ring នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាពេលថ្មីៗនេះ។ រាជឧត្ដម បានចាត់ទុកការសាកល្បងជាមួយប្រដាល់សកលនេះថាជា «បទពិសោធថ្មីស្រឡាង» និងធ្វើឱ្យគេមានអារម្មណ៍ប្លែកច្បាស់លាស់។

ដោយឡែក ចំពោះសំណួរថាតើនឹងបន្តចាប់អាជីពជាកីឡាករប្រដាល់សកលពេញលេញបន្ទាប់ពីបញ្ចប់ការសិក្សាដែរឬទេនោះ និស្សិតនីតិសាស្ត្ររូបនេះបានបញ្ជាក់ថា រូបគេមិនទាន់ហ៊ានអះអាងច្បាស់លាស់នៅឡើយទេ ដោយរង់ចាំមើលស្ថានភាព និងឱកាសជាក់ស្ដែងនាពេលអនាគតសិន៕