គណៈកម្មាធិការ CAMSOC បន្តប្រជុំថ្ងៃនេះផ្ដោតលើចំណុចសំខាន់៣

Sovann Tith
10 មើល
0 នាទីអាន
- Advertisement -

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍ជាបន្តទៀតហើយនៅព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា នាស្នាក់ការគណៈកម្មាជាតិអូឡាំពិកកម្ពុជា ក្រោមការដឹកនាំប្រជុំពីឯកឧត្តម ថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍។

ចំណុចសំខាន់នៃកិច្ចប្រជុំប្រចាំសប្ដាហ៍នេះត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ប្រាប់ថា មានដូចជាវិធានការប្រើប្រាស់ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាសម្រាប់ការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ បន្ទាប់ពីសម្រេចពីថ្នាក់ដឹកនាំកំពូលរួចរាល់។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ចំណុចសំខាន់មួយទៀតគឺការរៀបចំប្រក្រតីទិនការងារដែលជាចំណុចសំខាន់នៃការតម្រង់ទិសផែនការមេពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រក្រតីទិនការងារនេះក៏ជាត្រីវិស័យដើម្បីកំណត់ឲ្យបាននូវប្រសិទ្ធភាពការងារនានា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់ទី៣បានផ្ដោតលម្អិតចំពោះផែនការទីលានប្រកួត ត្រៀមរៀបចំ ដោយបានកំណត់លើប្រភេទកីឡា ប្រកួតលើទឹក លើគោក មានដូចជាទីលានប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមបណ្តាខេត្តផ្សេងៗ។

ពាក់ព័ន្ធនឹងការកំណត់ទីលានប្រកួតនេះ នឹងចាយពេលពិភាក្សាចំនួនពីរសប្តាហ៍ទៀត ដើម្បីឲ្យកាន់តែច្បាស់លាស់តាមផែនការ។

គួរដឹងដែរថា បើតាមផែនការរបស់ CAMSOC ពិធីបើក និងពិធីបិទស៊ីហ្គេម២០២៣ គ្រោងមានការចូលរួមដោយក្រុមកងទ័ព កីឡាករ កីឡាការិនី សិស្ស និស្សិត យុវជន និងក្រុមសម្តែងសិល្បៈចូលរួមសម្ដែង សរុបប្រហែលជិត១ម៉ឺននាក់៕

រូបភាព ៖ CAMSOC

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕