លោក Marvin Hagler អតីតអធិរាជប្រដាល់ទម្ងន់ middleweight (៧០-៧៣គក) បានទទួលមរណភាពក្នុងវ័យ៦៦ឆ្នាំកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២១។
អតីតជើងខ្លាំងជនជាតិអាមេរិករូបនេះបានត្រួតត្រាប្រដាល់ក្នុងប្រភេទទម្ងន់ខាងលើពីឆ្នាំ១៩៧៩មកទល់ខែមេសាឆ្នាំ១៩៨៧ដែលលោកបានចាញ់យ៉ាងចម្រូងចម្រាសក្រោមថ្វីដៃកីឡាករ Sugar Ray Leonard។
លោក Hagler បានប្រកួត៦៧ដងក្នុងអាជីពរយៈពេល១៤ឆ្នាំ ក្នុងនោះឈ្នះ៦២ដង ដោយផ្ដួលគូបដិបក្ខសន្លប់៥២លើក។ លោកបានស្មើ២ដងនិងចាញ់តែ៣ដងប៉ុណ្ណោះ។
ក្នុងខែកញ្ញាឆ្នាំ១៩៨០ លោកបានប្រកួតជាមួយកីឡាករអង់គ្លេស Alan Minter នៅកីឡដ្ឋាន Wembley ហើយឈ្នះខ្សែក្រវាត់ពិភពលោក២ខ្សែគឺ WBA និង WBC។
ការប្រកួតល្បីល្បាញបំផុតរបស់លោកគឺក្នុងខែមេសាឆ្នាំ១៩៨៥ ពេលតទល់នឹង Thomas Hearns ៣ទឹកយ៉ាងសាហាវ ដែលត្រូវបានហៅថា «សង្គ្រាម»។
លោកបានការពារខ្សែក្រវាត់ជោគជ័យ១២ដង មុនពេលចាញ់លោក Leonard ដោយពិន្ទុមិនឯកច្ឆ័ន្ទ និងបានចូលនិវត្តន៍ក្នុងពេល១ឆ្នាំបន្ទាប់៕