Skip to content
ស្វែងយល់​ពី European Super League និង​ប្រតិកម្ម​របស់​ស្ថាប័នបាល់ទាត់​​ធំ​ៗ
    ទំព័រដើម  »  កីឡាជាតិ

ស្វែងយល់​ពី European Super League និង​ប្រតិកម្ម​របស់​ស្ថាប័នបាល់ទាត់​​ធំ​ៗ

ពាន​រង្វាន់ថ្មី​មួយ​ឈ្មោះ​ថា European Super League ត្រូវ​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​និង​ប្រកាស​​ជា​ផ្លូវការ​កាល​ពី​រាត្រី​ថ្ងៃអាទិត្យ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០២១ ដោយ​ក្លិបបាល់ទាត់​​ធំ​ជាង​គេ​​ទាំង​៣​របស់​អេស្ប៉ាញ, ធំ​ជាង​គេ​ទាំង​៦​របស់​អង់គ្លេស និង​ធំ​ជាង​គេ​ទាំង​៣​របស់​អ៊ីតាលី​ ដោយមានការគាំទ្រដោយធនាគារអាមេរិក​ JP Morgan ជាមួយ​ទឹកប្រាក់​ប្រមាណ​៥​ពាន់លាន​ដុល្លារ។

ក្លិបណា​ខ្លះ​ចូល​រួម?

ក្លិបសហស្ថាបនិក​​ទាំង​១២​​រួម​មាន Real Madrid, Barcelona, Atletico Madrid, Manchester United, Manchester City, Arsenal, Chelsea, Liverpool, Tottenham Hotspur, Juventus, Inter Milan និង AC Milan។ នៅ​មាន​ក្លិប​៣​ទៀត​ដែល​ត្រូវ​បាន​និយាយ​ថា​រួចរាល់​ដើម្បី​ចូល​រួម​​ មុនលីគ​នេះ​សម្ពោធ​រដូវកាល​ថ្មី​​។ ប៉ុន្តែ​ក្លិប​យក្ស​អាល្លឺម៉ង់​និង​បារាំង​ Bayern Munich, Paris St Germain មិន​ចូល​រួម​ឡើយ​។

នរណាគ្រប់គ្រង​ពាន​នេះ​?

ប្រធាន​ក្លិប Real Madrid លោក Florentino Perez ជា​ប្រធាន ESL ខណៈ​សហប្រធាន​ក្លិប Man Utd លោក Joel Glazer ជា​អនុប្រធាន ESL​។

ESL លើក​ឡើង​ថា​​ពាននេះគ្រាន់តែការជាបន្ថែមការប្រកួតពាក់កណ្ដាលសប្ដាហ៍ ហើយ​ពួកគេនៅតែលេងពានក្នុងស្រុកដដែលជាធម្មតា។ ពួក​គេ​ថា​ពាននេះ​​​​កើត​ឡើង​នៅ​ក្នុង​ពេល​ដែល​​សកលលោក​រង​ការ​រាតដ្បាត​ដោយ​ជំងឺ​អាសន្នរោគ​ដែល​ពន្លឿន​​អថិរភាព​​ចំពោះ​ម៉ូដែល​សេដ្ឋកិច្ច​បាល់ទាត់​អឺរ៉ុប​ដែល​កំពុង​មាន។ បន្ថែម​លើនេះ ពាន​នេះ​គឺ​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​ប្រកួត​ប្រជែង​នៅ​អឺរ៉ុប និង​បង្កើត​ឱកាស​សម្រាប់​ក្លិប​និង​កីឡាករ​​កំពូល​ៗ​​​ប្រកួត​គ្នា​ជា​ប្រចាំ​រៀង​រាល់​ឆ្នាំ​។

លោក Perez និយាយ​ថា​៖ «បាល់ទាត់​គឺ​ជា​កីឡា​សកល​តែ​១​គត់​ក្នុង​លោក​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤​ពាន់​លាន​នាក់ ហើយ​ទំនួល​ខុសត្រូវ​របស់​ពួក​យើង​ក្នុងនាមជា​ក្លិប​ធំ​ៗគឺ​​ត្រូវ​ឆ្លើយតប​ចំពោះ​​ការ​ចង់បាន​របស់​អ្នក​គាំទ្រ។ ពួក​យើង​នឹង​ជួយ​បាល់ទាត់​នៅ​​គ្រប់​កម្រិត ​និង​នាំ​វា​ទៅ​​កន្លែង​ដ៏​ស័ក្ដិសម​បំផុត​របស់​វា​​ក្នុង​លោក​»។

ពាន​នេះ​លេង​របៀប​ម៉េច?

សេចក្ដីថ្លែងការណ៍របស់ ESL បញ្ជាក់ថាពួកគេ​ចង់​ចាប់​ផ្ដើម​ពាន​នេះ​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​លេង​ទៅ​បាន​។ ការ​ប្រកួត​ពាន​រង្វាន់​នេះ​នឹង​ធ្វើឡើង​​នៅ​ពាក់​កណ្ដាល​សប្ដាហ៍ (mid-week) គ្រប់គ្រង​ដោយ​​ក្លិប​សហស្ថាបនិកខាង​លើ​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​ប្រជែង​ឥទ្ធិពល​ជាមួយ​ពាន Champions League​ របស់ UEFA។

តាម​ផែនការ ESL មាន​២០​ក្រុម​ប្រជែង​គ្នា​ ដោយ​ក្នុងនោះ​១៥​ក្រុម​ជា​សហស្ថាបនិក និង​៥​ក្រុម​ទៀត​យក​មក​ពី​វគ្គ​ជម្រុះ​ប្រចាំ​ឆ្នាំ។ ២០​ក្រុម​នេះ​ត្រូវ​ចែក​ជា​២​ពូល ហើយ​​ប៉ះ​គ្នា​វិល​ជុំ​​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ​។ ក្រោយ​វិល​ជុំ​ក្នុង​ពូល​រួច ក្រុម​​លេខ​១​ដល់​លេខ​៣​ប្រចាំពូល​នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ រួម​ជាមួយ​​អ្នក​ឈ្នះ play-off រវាង​ក្រុម​លេខ​៤​និង​លេខ​៥​ប្រចាំ​ពូល​។ ការ​ប្រកួត​នឹង​បន្ត​លេង​​ក្នុង​ផ្ទះ​និ​ង​ក្រៅ​ផ្ទះ​ដែរ រហូត​ដល់​រក​ឃើញ​បេក្ខភាព​២​ក្រុម​សម្រាប់​លេង​ផ្ដាច់ព្រ័ត្រ​តែ​១​ជើង​។

ស្ថាប័នបាល់ទាត់ធំៗប្រតិកម្មបែបណា?

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និង​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក បាន​បង្ហាញ​ជំហរ​ជំទាស់​នឹង​គម្រោង​ខាង​លើ ដោយ​និយាយ​ថា​ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​ពាន European Super League ឡើយ​។ ហើយ​ថែម​ទាំង​​​ព្រមាន​ដាក់​បម្រាម​ក្លិប​ដែល​ចូល​រួម​លេង​ពាន​ខាង​លើ​មិន​ឱ្យ​លេង​លីគ​ក្នុង​ស្រុក, មិន​ឱ្យ​លេង​ពាន​របស់ UEFA និង FIFA ហើយ​កីឡាករ​របស់​ក្លិប​ទាំង​នោះ​អាច​ត្រូវ​បាន​ហាម​មិនឱ្យ​​ជាប់​ជម្រើស​ជាតិ​។

ទន្ទឹម​នឹង​នេះ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA), សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF), សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) រួម​ជាមួយ Premier League, La Liga និង​ Serie A សុទ្ធតែ​​ប្រឆាំង​​នឹង​ការ​​បង្កើត​ពាន​នេះ​​​។ សូម្បី​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson រួម​ជាមួយ​ Legends របស់​ក្លិប​​មួយ​ចំនួន​ខាង​លើ​ដូច​ជា Gary Neville, Jamie Carragher, Danny Murphy ព្រម​ទាំង​អ្នក​គាំទ្រ​ក្លិប​ទាំងនោះ​ ក៏​រិះគន់​ខ្លាំង​ៗ​លើ​ការ​ផ្ដួចផ្ដើម​បង្កើត​ពាន ESL ថា​ជា​ការ​បំផ្លាញ​បាល់ទាត់​យ៉ាង​ខ្លាំង។

នៅ​ចំពោះ​មុខ​ប្រតិកម្ម​ទាំង​នេះ ភាគី European Super League និយាយ​ថា​នឹង​ជួប​ពិភាក្សា​បន្ថែម​ជាមួយ UEFA និង FIFA ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​បាល់ទាត់​៕