ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី Yonex Main Vision ជាឱកាសសម្រួចសមត្ថភាពយុវជនត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមប្រសាសន៍ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាក្នុងឱកាសបិទការប្រកួតកីឡាវាយសី Yonex Main Vision ២០២៥ នាថ្ងៃអាទិត្យ ទី២៣ ខែមីនា នាបហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម លី កុសល មានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងជ្រើសរើសកីឡាករ កីឡាការិនីវ័យក្មេងសម្រាប់ជាថ្នាលបណ្តុះបណ្តាលបន្តវេន និងជំរុញបំផុសចលនាស្មារតីកីឡាឱ្យកាន់តែផុលផុស និងទូលំទូលាយ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ការប្រកួតមានវិញ្ញាសាកុមារី អាយុក្រោម១២ឆ្នាំ កុមារាអាយុក្រោម១២ឆ្នាំ យុវជនអាយុក្រោម១៥ឆ្នាំ វាយគូបុរសអាយុលើ៤០ឆ្នាំ វាយគូបុរសអាយុលើ៤០ឆ្នាំ (ពានរង្វាន់ពិសេស) វាយគូបុរសកម្រិត B វាយគូបុរសកម្រិត B ពានរង្វាន់ពិសេស វាយគូបុរសកម្រិត A និង វាយគូបុរសកម្រិត A ពានរង្វាន់ពិសេស។
ឯកឧត្ដមប្រធានសហព័ន្ធបានលើកឡើងថា នាខែកក្កដា ឆ្នាំ២០២៥នេះ សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួត កីឡាវាយសីសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ នៅប្រទេសអាល្លឺម៉ង់ ក៏ដូចជាការត្រៀមលក្ខណៈចូលរួមប្រកួតកីឡា Sea Games លើកទី៣៣ នៅប្រទេសថៃ ចុងឆ្នាំ២០២៥នេះផងដែរ ជាពិសេសក្មួយៗយុវជនថ្នាលលអាយុក្រោម១៥ឆ្នាំ ត្រូវសម្រួចសម្រួចការហ្វឹកហាត់ខ្ពស់ ដើម្បីបង្កើនសមត្ថភាពត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិកទាំងអស់បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមោះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតដោយយុត្តិធម៌ (Fair Play) ប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងអត្តចរិត សីលធម៌ល្អ។ ចំពោះមន្ត្រីបច្ចេកទេស ក៏បានបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការវិនិច្ឆ័យគ្រប់វិញ្ញាសាប្រកួត ស្របតាមបទបញ្ញតិ បទបញ្ជាការប្រកួត។ សម្រាប់អត្តពលិកទាំងអស់ ដែលដណ្តើមបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាវាយសីក្រុមអាយុក្រោម១៥ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ប្រកបដោយជោគជ័យ ហើយសូមអំពាវនាវដល់កីឡាការ កីឡាការិនីទាំងអស់បន្តខិតខំអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីទទួលបានជ័យជម្នះកាន់តែធំធេង នាពេលអនាគត។