Skip to content
ក្រុមខ្លាំងៗជួបគ្នាបង្កើតភាពជក់ចិត្ត Cambodian League Cup សប្ដាហ៍ទី២
    ទំព័រដើម  »  កីឡាជាតិ

ក្រុមខ្លាំងៗជួបគ្នាបង្កើតភាពជក់ចិត្ត Cambodian League Cup សប្ដាហ៍ទី២

ការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឈានមកដល់សប្ដាហ៍ទី២ហើយ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅក្នុងសប្ដាហ៍ទី១កន្លងទៅ ក្នុងនោះក្រុមមកពីលីគកំពូលភាគច្រើន ទទួលបានជ័យជំនះទៅលើក្រុមមកពីលីគទី២ មានតែ ក្រុមអាយអេសអាយដង្កោសែនជ័យមកពីលីគទី២មួយប៉ុណ្ណោះ ដែលបានយកឈ្នះក្រុមអង្គរថាយហ្គឺរក្នុងលទ្ធផល៤ទល់នឹង២។ ចូលមកដល់សប្ដាហ៍ទី២នេះវិញ នឹងមានការប្រកួតកាន់តែជក់ចិត្តថែមទៀត  ក្នុងនោះក្រុមខ្លាំងៗនឹងតទល់គ្នា្កនៅចុងសប្ដាហ៍នេះ៖

នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជំនួបក្នុងពូលBមានចំនួន៣គូរ នៅវេលាម៉ោង៣:៤៥នាទីរសៀល ក្រុមអាយអេសអាយ ដង្កោសែនជ័យ នឹងបើកកីឡដ្ឋាន AIA Stadium របស់ខ្លូនស្វាគមន៍ក្រុមណាហ្គាវើលដ៍ ហើយម៉ោងដំណាលគ្នានេះដែរ ក្រុមសូទីឡូអង្គរ ទទួលស្វាគមន៍ក្រុមរួមខេត្ត អង្គរថាយហ្គឺរ នាកីឡដ្ឋាន Hanuman Stadium ចំណែកនៅវេលាម៉ោង ៦:៣០នាទីល្ងាច ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀងនឹងចាប់ផ្ដើមសប្ដាហ៍ដំបូង ជាមួយក្រុមម្ចាស់ជើងឯកចាស់ភ្នំពេញក្រោន ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន ARMY Stadium ។

នៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជំនួបក្នុងពូលAមានចំនួន៣គូរ ដែលការប្រកួតទាំង៣នេះនឹងធ្វើឡើងនៅវេលាម៉ោង៣:៤៥នាទីរសៀលដំណាលគ្នា ក្នុងនោះក្រុមកោះកុង ទទួលក្រុម សមាគមនកីឡាបាល់ទាត់ ខ.ភ.ម នៅកីឡដ្ឋានខេត្តកោះកុង និង ក្រុងព្រៃវែងហ្វេស៊ី បើកកីឡដ្ឋានព្រៃវែង ទទួលស្វាគមន៍ក្រុមមកពីខេត្តតាកែវ គីរីវង់សុខសែនជ័យ ចំណែកជំនួបធំប្រចាំសប្ដាហ៍ទី២ នេះ ក្រុមបឹងកេតហ្វេស៊ី បើកកីឡដ្ឋាន Cambodia Airways Stadium ត្រៀមស្វាគមន៍ក្រុមវិសាខា ។

សម្រាប់តារាងចំណាត់ថ្នាក់នៃពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់សប្ដាហ៍ទី១កន្លងឃើញថា នៅក្នុងពូល A ក្រុមសមាគមនកីឡាបាល់ទាត់ ខ.ភ.ម កំពុងឈរកំពូកតារាងមាន៣ ពិន្ទុ ឈរពីលើក្រុមលេខ២ គីរីវង់សុខសែនជ័យ និង ក្រុមលេខ៣វិសាខាដោយមាន៣ ពិន្ទុដូចគ្នា ប៉ុន្ដែខុសត្រង់ផលសងគ្រាប់បាល់ បឹងកេតឈរនៅលេខ៤     ព្រៃវែងលេខ៥ កោះកុងលេខ៦ និងអគ្គីសនីកម្ពុជាលេខ៧។ ចំណែកនៅក្នុងពូលB វិញ ណាហ្គាវើលដ៍ឈរកំពូលតារាង ដោយមានផលសងគ្រាប់បាល់លើសក្រុមលេខ២ អាយអេសអាយដង្កោសែនជ័យ និង ភ្នំពេញក្រោនដែលមាន៣ពិន្ទុដូចគ្នា ខណៈ ព្រះខ័នរាជស្វាយរៀងលេខ៤ មិនទាន់ឆ្លងកាត់ការប្រកួត អង្គរថាយហ្គឺរលេខ៥ សូលទីឡូអង្គរលេខ៦  និង   នគរបាលជាតិឈរនៅលេខ៧។

គួរអោយដឹងផងដែរថា ការប្រកួតពានរង្វាន់ Cambodian League Cup 2023 បានចាប់ផ្ដើមប្រកួតតាំងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មក គ្រោងបញ្ជប់ទៅវិញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមចូលរូមចំនួន១៤ មកពីលីគកំពូល   និង ក្រុមពីលីគទី២ ហើយបានចែងចែកជា២ ពូលក្នុងនោះពូលា A មាន វិសាខា បឹងកេត ព្រៃវែង កោះកុង គីរីវង់សុខសែនជ័យ ទ័ព និង អគ្គីសនីកម្ពុជា ខណៈពូល B មាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សូទីឡូអង្គរ អង្គរថាយហ្គឺរ ក្រុមអាយអេសអាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ និង នគរបាលជាតិ៕