កីឡាការិនី អោម វួចលាង យកប្រាក់រង្វាន់ស៊ីហ្គេមជូនម្ដាយ និងទិញម៉ូតូមួយគ្រឿងទុកជិះទៅហាត់

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

ក្រោយទទួលបានប្រាក់រង្វាន់ស៊ីហ្គេមពីរាជរដ្ឋាភិបាលដែលប្រគល់ផ្ទាល់ដៃដោយសម្ដេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនី សីប៉ាក់តាក្រ និងសីឈិនឡូន អោម វួចលាង បង្ហើបថា នឹងថវិកាលើកទឹកចិត្តទុកជូនម្ដាយដើម្បីដោះស្រាយជីវភាព និងសន្សំទុកខ្លះ ហើយក៏គ្រោងទិញម៉ូតូមួយគ្រឿងសម្រាប់ធ្វើដំណើរទៅហ្វឹកហាត់ប្រចាំថ្ងៃ។

សមាជិកក្លិបក្រសួងការពារជាតិដដែលបញ្ជាក់ថា ពីមុនក៏មានម៉ូតូជិះផ្ទាល់ខ្លួនដែរ តែបានលក់វិញយកប្រាក់ជូនឪពុកម្ដាយដោះស្រាយជីវភាពក្នុងគ្រួសារ កាលនាងចេញទៅហ្វឹកហាត់នៅមីយ៉ាន់ម៉ាត្រៀមស៊ីហ្គេមកន្លងទៅ។

វួចលាង សង្កត់ធ្ងន់ថា ការចាប់កីឡាពិតជាជួយនាងបានច្រើន ទាំងសុខភាព ប្រាក់ចំណូល និងការងារក្របខណ្ឌរដ្ឋថែមទៀត។ គួរដឹងដែរថា អោម វួចលាង ទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៣គ្រឿង ពីសីប៉ាក់តាក្រ និងសីឈិនឡូន និងជាផ្លែផ្កាលើកដំបូងពីស៊ីហ្គេមលើកទី២របស់ខ្លួន ដែលទទួលបានលើសពីការរំពឹងទុក។ សិស្សថ្នាក់ទី១២រូបនេះទទួលបានសរុប១៥៨លានរៀល។ អោម វួចលាង បានចាប់ផ្ដើមហ្វឹកហាត់កីឡាសីប៉ាក់តាក្រ និងសីឈិនឡូ ក្នុងឆ្នាំ២០១៧ ដោយសារចិត្តស្រលាញ់ និងបានសូមម្ដាយមីង គឺអ្នកនាង ឯម ពិសី ជាអតីតកីឡាករជម្រើសជាតិ ចូលហាត់។ នាងជាកូនស្រីមួយរូបក្នុងចំណោមបងប្អូន៤នាក់ ដែលមានឪពុកជាជាងក្រឡឹង និងជាកសិករ មកពីស្រុកកងមាស ខេត្តកំពង់ចាម៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕