លោក Bryan Capistrano និងលោក Jayson Turco គ្រូជំនួយក្រុមបាល់ទាត់ Tuloy FC ដែលជាក្រុមមួយស្ថិតក្នុងលីគបាល់ទាត់ប្រទេសហ្វីលីពីនក្នុងឱកាសមកបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់នៅប្រទេសកម្ពុជាត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៅរយៈដ៏ខ្លីខាងមុខនេះបានលើកឡើងចំៗពីហេតុផលសំខាន់ៗដែលក្រុមលោករើសប្រទេសកម្ពុជាយោងតាមទឡ្ហីករណ៍កម្ពុជាជាកន្លែងមួយដែលសំបូរក្រុមបាល់ទាត់ល្អៗច្រើន កីឡាបាល់ទាត់នៅទីនេះមានការរីកចម្រើនជាងប្រទេសហ្វីលីពីន គុណភាពកីឡាករ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្លឹបនីមួយៗនៅទីនេះពិតជាប្រណិត។
គ្រូបង្វឹកវ័យ២៦ឆ្នាំទាំងពីរនេះបន្តថាសកម្មភាពបាល់ទាត់ក្នុងប្រទេសកម្ពុជាពិតជាបទពិសោធមួយដ៏ល្អសម្រាប់ក្រុមលោកក្នុងការយកទៅប្រើការពេល Tuloy ប្រកួតក្នុងលីគរបស់ហ្វីលីពីន។ យ៉ាងណាមិញអ្នកទាំងពីរក៏បានប្រាប់ហេតុផលមួយចំនួនទៀតស្តីពីការជ្រើសរើស Cambodia Country Club សម្រាប់ធ្វើការស្នាក់នៅ។
ក្រុម Tuloy FC បានធ្វើដំណើរមកប្រទេសកម្ពុជាតាំងតែពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបោះជំរំហ្វឹកហាត់ ពិសេសពួកគេក៏បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់កម្ពុជាមួយចំនួនដែរដូចជា Khmer United, ណាហ្គាវើលដ៍, និងវិសាខា ជាដើម៕