Skip to content
ឃឺន ប៊ុនពេជ្រមរកត ៖ ខ្ញុំមានពេលត្រៀមតែ២សប្ដាហ៍ មុនដណ្ដើមបានមេដាយមាសហែលទឹក៣គ្រឿងក្នុងការប្រកួតសិស្សមធ្យមសិក្សា ២០២៣
    ទំព័រដើម  »  កីឡាជាតិ

ឃឺន ប៊ុនពេជ្រមរកត ៖ ខ្ញុំមានពេលត្រៀមតែ២សប្ដាហ៍ មុនដណ្ដើមបានមេដាយមាសហែលទឹក៣គ្រឿងក្នុងការប្រកួតសិស្សមធ្យមសិក្សា ២០២៣

កីឡាការនី ឃឺន ប៊ុនពេជ្រមរកត បានថ្លែងក្រោយដណ្តើមបានមេដាយមាស ៣គ្រឿង ថា បានត្រៀមខ្លួនមុនព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣នេះត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ចំពោះមេដាយមាសបីគ្រឿងដែលបានឈ្នះក្នុងបីប្រភេទវិញ្ញាសាផ្សេងគ្នានោះរួមមានវិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបផ្ងារ, ៥០ម៉ែត្រ ហែលរបៀបផ្ងារ, និង៥០ម៉ែត្រ ហែលរបៀបសេរី កីឡាការនីលេងតំណាងឱ្យខេត្តបាត់ដំបងឱ្យដឹងថារូបនាងបានត្រៀមខ្លួនត្រឹមតែ២សប្តាហ៍ទេ ក៏ព្រោះតែសិស្សវិទ្យាល័យបាក់ទូករូបនេះជាប់រវល់ហ្វឹកហាត់លើវិញ្ញាសាមួយទៀតគឺហែលទឹកពាក់ជើងទា។

ចៅស្រីអតីតកីឡាករហែលទឹកប៉ារ៉ាឡាំពិកជនពិការលោក កន​ កាន បន្តថាទោះបីត្រៀមខ្លួនបានតែពីរសប្តាហ៍មែនតែនាងមានការយកចិត្តទុកដាក់ហ្វឹកហាត់ជាខ្លាំង។ មរកតក៏បានចែករំលែកអំពីភាពខុសគ្នារវាងការហែលទឹកទូទៅ និងការហែលទឹកបែបពាក់ជើងទាផងដែរ។

“ ដើម្បីបានលេខមួយបែបនេះខ្ញុំត្រៀមខ្លួនបានតែ២អាទិត្យទេបង​ ដោយសារតែជាប់ហាត់ហែលទឹកមួយប្រភេទទៀតគឺ Fin Swimming ហែលពាក់ជើងទា” ។

គួរបញ្ជាក់ថា ឃឺន ប៊ុនពេជ្រមរកត ក៏ជាកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាហែលទឹកពាក់ជើងទាផងដែរ ហើយរូបគេទទួលបានសមិទ្ធផលជាច្រើនជូនជាតិកម្ពុជាតាមរយៈការហែលទឹក ចំពោះជោគជ័យដ៏សំខាន់បំផុតនោះគឺជាការឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះឯង៕