ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ កីឡាករ កីឡាការិនីចូលរួមមានចំនួនច្រើនជាងឆ្នាំកន្លងៗទៅ ក្នុងនោះសមត្ថភាពនិងច្ចេកទេសរីកចម្រើនលើសឆ្នាំមុនៗប្រមាណជាង៤០% ទាំងអស់នេះ ដោយសារតែកីឡាករកីឡាការិនីវាយសីកំពុងរីកដុះដាលច្រើនមាននៅទូទាំងប្រទេស។អគ្គលេខាធិការថ្លែងបែបនេះ ក្រោយបញ្ចប់ពិធីបិទកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នាល្ងាចថ្ងៃទី១៩ នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា បើយោងទៅតាមកំណើនរីកចម្រើនដូចពេលបច្ចុប្បន្ននេះ សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិមិនខ្វះកីឡាករ កីឡាការិនីចូលរួមប្រកួតឡើយ ហើយមិនយូនោះទេ អត្តពលិកកីឡាវាយសីរបស់កម្ពុជានឹងឈានទៅដណ្តើមបានមេដាយសម្រាប់ការប្រកួតកម្រិតអាស៊ីល្អស្មើរគេស្មើរឯង។ ទន្ទឹមនឹងសន្ទុះរីកចម្រើននេះដែរ ឯកឧត្តម អគ្គលេខាធិការ បានអំពាវនាវដល់អាណាព្យាបាលកីឡាករ កីឡាការិនីសូមបន្តជំរុញលើកទឹកចិត្តឱ្យកូនៗបន្តចូលរួមប្រកួតនិងចូលរួមហ្វឹកហាត់ ដើម្បីទៅចូលរួមប្រកួតនៅក្រៅប្រទេសតំណាងប្រទេសកម្ពុជាដណ្តើមមេដាយមកជូនជាតិ។
គួរឱ្យដឹងផងដែរថាការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិបានចាប់ផ្តើមបើកការប្រកួតកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយបិទបញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២៣ នេះ នាទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ជាលទ្ធផល ក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយសរុបចំនួន៦ ក្នុងនោះមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១ នាំមុខក្រសួងមហាផ្ទៃ មានមេដាយសរុប៣ មាស២ និងប្រាក់១ ឈរលេខ២ ខណៈបញ្ជាការដ្ឋានការពារអាកាស ឈរលេខ៣ មានមេដាយសរុប២ មាស១ និងប្រាក់១ លេង៤បានទៅលើក្លិបកីឡាវាយសីយុវជនខេត្តកណ្តាល មានមេដាយមាស១ និងសំរឹទ្ធ១ លេខ៥ បានទៅសមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំង មានមេដាយប្រាក់១ និងសំរឹទ្ធ១ និងក្លិបកីឡាវាយសីស្តេចកន ខេត្តត្បូងឃ្មុំ មានមេដាយប្រាក់១ ឈរលេខ៦។
សម្រាប់ខេត្តព្រះសីហនុ ឈ្នះមេដាយប្រាក់១ ឈរលេខ៧ លើខេត្តសៀមរាប ឈរលេខ៨ មានមេដាយសំរឹទ្ធ២។ ក្លិបកីឡាវាយសីពហុកីឡដ្ឋានជាតិ ឈរលេខ៩ មានមេដាយសំរឹទ្ធ១ និងក្លិបវាយសីភ្នំពេញ ឈរលេខ ១០ មានមេដាយសំរឹទ្ធ១ ដូចគ្នា៕